ភ្នំពេញ៖ សម្តេច ក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំដល់មន្រ្តីជំនាញឱ្យបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ និងការបាត់បង់អាយុជីវិតប្រជាពលរដ្ឋ។
មានប្រសាសន៍ក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេច ក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជំរុញដល់មន្រ្តីឱ្យបន្តពង្រឹងកិច្ចសហការជាមួយក្រសួងស្ថាប័ននានា ដើម្បីរួមគ្នាផ្សព្វផ្សាយដល់សាធារណជន អំពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីលើកកម្ពស់ការយល់ដឹង និងការអនុវត្តច្បាប់ ឱ្យបានល្អប្រសើរ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំផងដែរ ឱ្យបន្តពិភាក្សាជាមួយក្រសួងអប់រំ យុវជន និងកីឡា ដោយពិនិត្យឡើងវិញ អំពីការសិក្សាច្បាប់ចរាចរណ៍ក្នុងប្រព័ន្ឋអប់រំ។ទន្ទឹមគ្នាដែរ សម្តេច ក្រឡាហោម ស ខេង បានចាត់ទុកអ្នកប្រើប្រាស់ផ្លូវ គឺជាតួអង្គទី១ ដែលត្រូវការពារអាយុជីវិតខ្លួនឯង។
របាយការណ៍របស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ក្នុងឆ្នាំ២០២១ មានចំនួន២ ៦៧០លើក បើប្រៀបធៀបនឹងឆ្នាំ២០២០ មានចំនួន៣ ១៧៦លើក គឺថយចុះ១៦ភាគរយ ។
របាយការណ៍បញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ បង្កឱ្យមានមនុស្សស្លាប់ចំនួន១ ៤៩៧នាក់ បើប្រៀបធៀបនឹងឆ្នាំ២០២០ មានចំនួន១ ៦៤៦នាក់ គឺថយចំនួន១៤៩នាក់ ស្មើនឹង៩ភាគរយ។ ចំណែកអ្នករងរបួសមានចំនួន៣ ៦១៥នាក់ គឺមានការថយចុះ១ ០៧១នាក់ ស្មើនឹង២៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ ដែលមានអ្នករងរបួសរហូតដល់ ៤ ៦៨៦នាក់ ៕