ភ្នំពេញ៖ កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ដោយអន្លើ នៅតាមតំបន់នានា ដែលបណ្តាលមកពីឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ ចាប់ពីថ្ងៃទី២៣កុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២។
យោងតាមប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែកុម្ភៈស្អែកនេះ កម្ពុជានឹងទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ ជើង ( ចិន ) ក្នុងកម្រិតពីខ្សោយទៅមធ្យម ហើយធ្វើឱ្យមានភ្លៀងធ្លាក់ដោយអន្លើផងដែរ។
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងបន្តថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា ពី ២៦-៣២ អង្សាសេ ហើយនៅថ្ងៃទី២៣-២៤ ខែកុម្ភៈ នៅវេលាព្រឹក បណ្តាខេត្តមួយចំនួនមានជាអាទិ៍ ៖ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន សៀមរាប សីតុណ្ហភាពអាចចុះត្រជាក់ ក្នុងកម្រិតពី ១៨-២០ អង្សាសេ ។ - រីឯសភាពការណ៍ភ្លៀង នៅក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ អាចមានក្នុងកម្រិតតិចតួចតែប៉ុណ្ណោះ ។
ក្រសួងបន្តទៀតថា នៅបណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមា ពី ១៧-២៣ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ២៥-៣១ អង្សាសេ ហើយនៅថ្ងៃទី២៣-២៤ ខែកុម្ភៈ នៅវេលាព្រឹក បណ្តាខេត្តមួយចំនួនមានជាអាទិ៍ ៖ ឧត្តរមានជ័យ ព្រះវិហារ រតនគិរី និងមណ្ឌលគិរី សីតុណ្ហភាពអាចចុះត្រជាក់ក្នុងកម្រិតពី១៧-១៩ អង្សាសេ នឹងអាចមានខ្យល់ក្នុងល្បឿនពី ១០-១៥ m/s ។ រីឯសភាពការណ៍ភ្លៀងនៅក្នុងអំឡុងមួយសប្ដាហ៍ខាងមុខនេះ អាចមានក្នុងកម្រិតតិចតួចតែប៉ុណ្ណោះ ។
ជាមួយគ្នានេះ ក្រសួងបញ្ជាក់ថា នៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាពី ២១-២៣អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ២៦-៣២ អង្សាសេ នឹងអាចមានភ្លៀងក្នុងកម្រិតខ្សោយដោយអន្លើ។
ក្រសួងធនធានទឹក និងឧតុនិយម ធ្លាប់បានប្រកាសថា ក្នុងរដូវប្រាំងឆ្នាំនេះ បរិមាណទឹកភ្លៀង អាចនឹងមានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ និងច្រើនជាងឆ្នាំ ២០២១ ខណៈចាប់ពីខែកុម្ភៈ រហូតដល់ដើមខែឧសភា នឹងអាចមានភ្លៀងកក់ខែពីមធ្យមទៅច្រើន៕