ដោយសារតែការកក្រើកឡើងនៃការឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង (Omicron) ចរន្តភ្ញៀវទេសចរនៅតាមគោលដៅទេសចរណ៍នានាមានការថមថយខ្លះ នាចុងសប្តាហ៍ទី៣ នៃខែកុម្ភៈ នេះហើយបើតាមរបាយការណ៏ក្រសួងទេសចរណ៏ នៅចុងសប្តាហ៍ទី៣ នៃខែកុម្ភៈ នេះចំនួនភ្ញៀវទេសចរបានថយចុះចំនួន៩.៤៤ ភាគរយ បើធៀបនឹងចុងសប្តាហ៍កន្លងមក ប៉ុន្តែបើទោះបីមានការថមថយខ្លះ តួលេខនេះនៅតែមានភាពប្រសើរ។
តាមបាយការណ៏បង្ហាញដោយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា នាចុងសប្តាហ៍កន្លងទៅនេះ គឺថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ២០២២ នៅទូទាំងប្រទេសមានភ្ញៀវចេញដើរកម្សាន្តសរុបចំនួន១៩៩,០៦៧នាក់ ក្នុងនោះមានភ្ញៀវជាតិ១៨៨,០៨១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១០,៩៨៦នាក់។ បើតាមរដ្ឋមន្រ្តី ទោះបីមានការថមថយខ្លះ ប៉ុន្តែតួលេខខាងលើនៅមានកម្រិតប្រហាក់ប្រហែលនឹងស្ថានភាពពេលដែលព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ត្រូវបានបិទបញ្ចប់។
តាមការសង្កេតជាក់ស្តែងរបស់មន្ទីរទេសចរណ៍ ភ្ញៀវពីរាជធានីភ្នំពេញទៅកាន់គោលដៅទេសចរណ៍តាមបណ្តាខេត្តមិនសូវមានចំនួនច្រើនដូចសប្តាហ៍កន្លងមកទេ។ ភ្ញៀវភាគច្រើនជាភ្ញៀវក្នុងខេត្តខ្លួនឯង និងភ្ញៀវឆ្លងខេត្តជិតៗគ្នា។
ជាមួយនិងការកើនឡើងនៃការរីករាលដាលជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង (Omicron) នេះ ក្រសួងទេសចរណ៍បានចេញសេចក្តីណែនាំជាបន្តបន្ទាប់ដល់មន្ទីរទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទាំងអស់ឲ្យខិតខំបន្តពង្រឹងការអនុវត្តវិធានការ “៣កុំ និង៣ការពារ” វិធានសុវត្ថិភាពទេសចរណ៍ និង SOP លើគ្រប់សេវាកម្មទេសចរណ៍ និងខិតខំបន្តគ្រប់គ្រងចរន្តភ្ញៀវទេសចរកុំឲ្យមានកកកុញ ឬប្រមូលផ្តុំច្រើនពេលទៅកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា។
សូមបញ្ជាក់ថា នៅថ្ងៃទី២១ ខែកុម្ភៈ នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងថ្មី ៤៨៨នាក់ទៀត ជាប្រភេទអូមីក្រុងទាំងអស់ ក្នុងនោះជាសះស្បើយចំនួន៣០៥នាក់ និងស្លាប់ ៣នាក់ ។ បើតាមតួលេខនេះ ករណីឆ្លងសហគមន៍មានចំនួន៤៧៣ នាក់ និងអ្នកដំណើរពីបរទេសចំនួន១៥ នាក់។ ចំនួននេះធ្វើឲ្យអ្នកឆ្លងជំងឺកូវីដ១៩ សរុបមានចំនួន១២៦,៩៧៧នាក់ និងមានអ្នកស្លាប់ចំនួន៣,០២០នាក់។
ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ក្រសួងសុខាភិបាលក៏បានដាក់ចេញនូវវិធានការណ៏មួយចំនួន ក្នុងនោះ ក្រសួងសុខាភិបាល បានអំពាវនាវ និងលើកទឹកចិត្តដល់ម្ចាស់កម្មវិធី ត្រូវចាត់ចែងឲ្យមានការពិនិត្យ លើបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ និងយកសំណាកធ្វើតេស្ត អ្នកដែលពុំទាន់បានធ្វើតេស្តរហ័ស មុនអនុញ្ញាតឲ្យចូលរួមកម្មវិធីជាដើម៕ (មានជ័យ)