Moscow, Reuters-
ស្ថានទូតអាមេរិកក្នុងប្រទេសរុស្សីបានប្រាប់ជនជាតិអាមេរិកកាលពីថ្ងៃអាទិត្យថា នឹងមានផែនការជម្លៀសពលរដ្ឋចេញ ដោយនិយាយថា នឹងមានការគំរាមវាយប្រហារក្នុងទីក្រុងមូស្គូ និងនៅតាមព្រំប្រទល់រុស្សីជាមួយអ៊ុយក្រែន បណ្តាលឲ្យមានការស្តីបន្ទោសពីក្រសួងការបរទេសរុស្សី។ "មានការគំរាមកំហែងថានឹងមានការវាយប្រហារទៅមជ្ឍមណ្ឌលហាងទំនិញ, ស្ថានីយ៍រថភ្លើង និងរថភ្លើងក្រោមដី និងទីប្រជុំជនសាធារណៈនៅក្នុងទីក្រុងធំៗ រួមបញ្ចូលទាំងទីក្រុងមូស្គូ និង St.Petersburg និងកន្លែងដែលមានភាពតានតឹងនៅតាមបណ្តោយព្រំប្រទល់រុស្សីជាមួយអ៊ុយក្រែន"។
“ពិនិត្យមើលឡើងវិញនូវផែនការសន្តិសុខផ្ទាល់ខ្លួនរបស់អ្នក” ស្ថានទូតបាននិយាយ "មានផែនការជំលៀសដែលមិនអាស្រ័យទៅលើជំនួយរដ្ឋាភិបាលអាមេរិកទេ"។ អ្នកនាំពាក្យស្រ្តីរបស់ក្រសួងការបរទេសរុស្សី Maria Zhakharova បានសួរសំណួរថា តើសហរដ្ឋអាមេរិកបានផ្តល់នូវព័ត៌មានអំពីលទ្ធភាពនៃការវាយប្រហារលើរុស្សីពីណា ហើយបើសិនជាគ្មាន តើឲ្យម្នាក់ៗអាចយល់ពីរឿងនេះដោយរបៀបណា? Zhakharova និយាយ។ ស្ថានទូតអាមេរិកបានប្រាប់ពលរដ្ឋអាមេរិកាំងថា ឲ្យជៀសវាងកន្លែងប្រជុំជន។ អាជ្ញាធរនៅតាមតំបន់ជុំវិញព្រំប្រទល់រុស្សីជាមួយនឹងអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះបានប្រកាសនូវ រដ្ឋមានអាសន្ន ខណៈដែលអ្នករត់ឆ្លងកាត់ព្រំប្រទល់ចូលទៅក្នុងប្រទេស ពីទឹកដីដែលកាន់កាប់ដោយពួកឧទ្ទាមភាគខាងកើតអ៊ុយក្រែន។
ក្រសួងគ្រប់គ្រងភាពអាសន្ន បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សច្រើនជាង ៥០,០០០នាក់ បានចូលទៅក្នុងរុស្សីចាប់តាំងពីពួកមេដឹកនាំបំបែករដ្ឋក្នុងរដ្ឋ២បានប្រាប់ស្ត្រី និងកូនក្មេងឲ្យចូលទៅក្នុងរុស្សីកាលពីថ្ងៃសុក្រ និងនិយាយថាភាពតានតឹងបានកើនឡើង។ អ៊ុយក្រែនបានប្រយុទ្ធជាមួយក្រុមបំបែករដ្ឋដែលនិយមក្រុងមូស្គូចាប់តាំងពីឆ្នាំ២០១៤ ពេលដែលរុស្សីបានភ្ជាប់យកឧបទ្វីប Crimea ក្នុងពេលដែលមានបាតុកម្មប្រឆាំងនៅតាមផ្លូវ មនុស្សច្រើនជាង ១៤,០០០នាក់ បានស្លាប់ក្នុងការប្រយុទ្ធនេះ៕