ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានព្រមានពីករណីឆ្លងប្រចាំថ្ងៃដែល នឹងអាចកើនឡើងកាន់តែខ្លាំង ប្រសិនបើពុំអនុវត្តតាមការណែនាំ។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានថ្លែងថា ករណីឆ្លងប្រចាំថ្ងៃអាចនឹងកើនឡើងពី ៣ខ្ទង់ (ខ្ទង់រយ) ទៅកាន់៤ខ្ទង់ (ខ្ទង់ពាន់) ក្នុងពេលឆាប់ៗខាងមុខនេះ។
លោកស្រី បានព្រមានថា ពពួកបំប្លែងថ្មី អូមីក្រុង បានគ្របដណ្តប់ស្ទើរតែទាំងស្រុង នៃករណីវិជ្ជមានកូវីដ-១៩ នៅកម្ពុជា ហើយកំពុងតែចរាចរយ៉ាងសកម្មនៅក្នុងសហគមន៍យ៉ាងលឿន។ លោកស្រី ឱ វណ្ណឌីន បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវ បន្តអនុវត្តវិធានការ៣ការពារ និង៣កុំ រួមជាមួយនឹងការទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃ២០ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២៦.៤៨៩ នាក់, អ្នកជាសះស្បើយសរុបចំនួន ១២០.៤៦២ នាក់, ស្លាប់សរុបចំនួន ៣.០១៧ នាក់៕