កប៉ាល់ដឹកទំនិញដែលគេបោះបង់ចោល ដែលផ្ទុកដោយរថយន្តជាច្រើន បានអណ្តែតនៅក្នុងមហាសមុទ្រអាត្លង់ទិក បន្ទាប់ពីភ្លើងឆេះយ៉ាងលឿននៅលើកប៉ាល់ បានបង្ខំឱ្យនាវិករត់គេចខ្លួន។ កប៉ាល់ដឹករថយន្ត Felicity Ace ប្រវែង ៦៥៦ ហ្វីត បានឆាបឆេះនៅមហាសមុទ្រអាត្លង់ទិកខាងជើងកាលពីថ្ងៃពុធ ខណៈដែលវាផ្ទុកទំនិញរួមទាំង Porsches និង Volkswagens ពី Emden ប្រទេសអាល្លឺម៉ង់ ទៅកាន់ Davisville កោះ Rhode។ យោងតាមសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធដោយកងទ័ពជើងទឹកព័រទុយហ្គាល់ បានឱ្យដឹងថា នៅពេលដែលមានការផ្ទុះឆេះ កប៉ាល់កំពុងធ្វើដំណើរចម្ងាយ 90 ម៉ាយល៍ ភាគនិរតីនៃទីក្រុង Azores របស់ប្រទេសព័រទុយហ្គាល់។
បន្ទាប់ពីអគ្គីភ័យបានឆាបឆេះនៅក្នុងឃ្លាំងផ្ទុកទំនិញវាបានរីករាលដាល ហើយបានបង្ខំសមាជិកនាវិកទាំង 22 នាក់ឱ្យបោះបង់កប៉ាល់ចោល។ យោងតាមសេចក្តីថ្លែងការណ៍មួយផ្សេងទៀតរបស់កងទ័ពជើងទឹកព័រទុយហ្គាល់ ក្រុមនាវិកត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព និងនាំទៅកាន់សណ្ឋាគារក្នុងស្រុកមួយ ដោយមានការសម្របសម្រួលដោយមជ្ឈមណ្ឌលសម្របសម្រួលការស្វែងរក និងជួយសង្គ្រោះតាមសមុទ្រ Ponta Delgada ។ នេះបើតាមសេចក្តីថ្លែងការណ៍ដដែលថាមិន មានប្រភពបំពុលដែលគួរឲ្យកត់សម្គាល់ពីអគ្គិភ័យនោះទេ។
ម្ចាស់កប៉ាល់បានរៀបចំការសណ្ដោងខណៈវាបន្តឆេះ។ កប៉ាល់ដែលបានចុះបញ្ជីនៅប៉ាណាម៉ា, Felicity Alice ដំណើរការដោយខ្សែដឹកជញ្ជូនរបស់ជប៉ុន Mitsui O.S.K. Lines (MOL) ។ MOL មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។ក្រុមហ៊ុន Porsche បានបញ្ជាក់ប្រាប់ CNN Business ថា រថយន្តរបស់ខ្លួនមួយចំនួនស្ថិតក្នុងចំណោមទំនិញទាំងនោះ ហើយអតិថិជនដែលមានរថយន្តនៅលើកប៉ាល់ដែលកំពុងឆេះ ត្រូវបានទាក់ទងដោយអ្នកចែកចាយរបស់ពួកគេ។
យោងតាមសារព័ត៌មាន Associated Press បានឱ្យដឹងថា កប៉ាល់ Felicity Ace អាចផ្ទុកទំនិញបានជាង 17,000 តោន។ កងទ័ពជើងទឹកព័រទុយហ្គាល់បាននិយាយថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ភ្លើងកំពុងបន្តហើយនាវាល្បាតសមុទ្រនៅតែស្ថិតនៅទីតាំង ដើម្បីត្រួតពិនិត្យកប៉ាល់ដែលគេបោះបង់ចោល៕
អត្ថបទដកស្រង់ពី Jennifer Korn
បកប្រែនិងកែសម្រួលដោយ Mr. Blue