ខាងលើនេះជាប្រសាសន៍របស់ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម ក្នុងពិធីសំណេះសំណាល សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ នាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ថ្លែងថា មានតែគណបក្សប្រជាជនកម្ពុជា មួយគត់បានផ្តល់កំណើតទី៣ ជូន ពុកម៉ែ មាមីង បងប្អូន ។ កំណើតទាំងបីរួមមាន៖
-កំណើតទី១គឺ៖ ឪពុកម្តាយ ផ្តល់កំណើត
-កំណើតទី២គឺ៖ ថ្ងៃ៧ មករា ១៩៧៩ ជាថ្ងៃរំដោះ អាយុជីវិតរបស់យើងទាំងអស់គ្នារួចផុតពីការកាប់សម្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត ។
-កំណើតទី៣គឺ៖ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជួយការពារមិនឲ្យគ្រោះថ្នាក់ដល់អាយុជីវិត ជូនដល់ប្រជាជន រួមជាមួយការអនុវត្ត វិធានការ បីកុំ បីការពារ របស់រាជរដ្ឋាភិបាលដឹកនាំដោយគណប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ។
ឯកឧត្តមបន្តថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មិនត្រឹមតែរំដោះ និងការពារអាយុជីវិតប្រជាជនប៉ុណ្ណោះទេ ថែមទាំងរក្សាបាននូវសុខសន្តិភាព និងអភិវឌ្ឍរីកចម្រើនដល់មូលដ្ឋានដូច ពុកម៉ែ មាមីង បងប្អូនបានឃើញផ្ទាល់ភ្នែក សូម ពុកម៉ែ មាមីង បងប្អូន ផ្តល់យុត្តិធម៌ចំពោះគណបក្សប្រជាជនកម្ពុជា ដែលបានជួយពិតប្រាកដ កុំជឿតាមការសន្យាខ្យល់ ញុះញង់បំបែកបំបាក់របស់ជនអគតិ ។
ឯកឧត្តម បានស្នើសុំឲ្យសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជារបស់យើង បន្តពង្រឹង ពង្រីកសមាជិកគណបក្ស ថែរក្សានូវឧត្តមគតិ និងគោលបំណងរបស់គណបក្ស ដើម្បីជោគជ័យរួមរបស់គណបក្ស និងប្រជាជនជាជនកម្ពុជា៕