ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្តដាក់ចេញនូវផែនការសំខាន់ៗ នៃយុទ្ឋនាការប្រយុទ្ឋប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ ដើម្បីបញ្ចៀសភាពរងគ្រោះដោយសារឧក្រិដ្ឋកម្មគ្រឿងញៀន។ នៅក្នុងផែនការស្តីពី យុទ្ឋនាការប្រយុទ្ឋប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ រយៈពេល១ឆ្នាំ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតលើការងារសំខាន់ៗដូចជា៖
១. បន្តយកចិត្តទុកដាក់ធ្វើការផ្សព្វផ្សាយអប់រំអំពីច្បាប់ ក៏ដូចជាគ្រោះថ្នាក់ និងផលប៉ះពាល់ដែលបណ្ដាល មកពីគ្រឿងញៀន រួមទាំងការអំពាវនាវដល់តួអង្គពាក់ព័ន្ធទាំងអស់ ឲ្យចូលរួមសកម្មភាពក្នុងយុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រឿងញៀនខុសច្បាប់ សំដៅកាត់បន្ថយបទល្មើសគ្រឿងញៀន ការពារសុខុមាលភាព និងសុវត្ថិភាពសង្គម ឲ្យបានជ្រួតជ្រាបគ្រប់ទីកន្លែង ដោយប្រើប្រាស់គ្រប់មធ្យោបាយ គ្រប់រូបភាព ចំគោលដៅ និងមុខសញ្ញា ព្រមទាំង មានវិធីសាស្ត្រសមស្របក្នុងការផ្សព្វផ្សាយអប់រំ (ងាយស្តាប់ ងាយយល់ និងងាយទទួលយកបាន) និងត្រូវអនុវត្ត យ៉ាងខ្ជាប់ខ្ជួនតាមវិធានការ "៣ការពារ និង ៣កុំ"។
២. ត្រូវខិតខំរៀបចំឲ្យបាននូវវេទិកាជួបជាមួយវិស័យឯកជន និងសប្បុរសជន ជាពិសេសម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មដែលងាយរងហានីភ័យដោយសារបទល្មើសគ្រឿងញៀន រួមទាំងសិល្បៈករ សិល្បៈការិនី បណ្តាញ សារព័ត៌មាន អ្នកដឹកនាំសាសនា អង្គការសង្គមស៊ីវិលនៅទូទាំងប្រទេស សំដៅប្រមូលផ្តុំឲ្យមានការចូលរួមសហការ គាំទ្រទាំងសកម្មភាព និងមូលនិធិ ក្នុងចលនាជាតិប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន។
៣. បង្កើនសកម្មភាពស្រាវជ្រាវ ស៊ើបអង្កេត និងបង្ការ ទប់ស្កាត់ បង្ក្រាបឲ្យបាននូវការនាំចូលឆ្លងកាត់ ជួញដូរ ប្រើប្រាស់ និងការលួចលាក់កែច្នៃ ផលិតសារធាតុញៀន ដោយត្រូវ ៖
-ជំរុញការអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការរដ្ឋបាល ដើរទន្ទឹមនឹងវិធានការច្បាប់ គ្មានការយោគយល់ និងលើកលែង សំដៅបង្រួមទីផ្សារជួញដូរ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដោយត្រូវកំណត់ឲ្យបានជាក់លាក់នូវ ភូមិសាស្ត្រ និងគោលដៅអាទិភាព បម្រើឲ្យប្រតិបត្តិការជំនាញ
-ខិតខំចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពលួចដឹកជញ្ជូនគ្រឿងញៀនចេញ ចូលឆ្លង កាត់ព្រំដែន ទាំងច្រកផ្លូវគោក ផ្លូវទឹក (រួមទាំងលំហសមុទ្រ) ផ្លូវអាកាស និងតាមបញ្ញើប្រៃសណីយ៍
-ខិតខំលើកកម្ពស់សមត្ថភាពក្នុងការស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រឿងញៀនឲ្យដល់ ឬសគល់ និងតស៊ូស្វែងរកឲ្យឃើញទីតាំងលួចលាក់ដាំដុះ ផលិត កែច្នៃផលិតសារធាតុញៀននៅក្នុងប្រទេស
- ជំរុញយន្តការដែលមានស្រាប់ ដើម្បីធ្វើការត្រួតពិនិត្យ វាយតម្លៃឱ្យបានហ្មត់ចត់មុនពេលផ្ដល់អាជ្ញាប័ណ្ណ អនុញ្ញាតបើកអាជីវកម្មរោងចក្រ សហគ្រាសដែលពាក់ព័ន្ធដល់ការប្រើប្រាស់សារធាតុគីមី ព្រមទាំងធ្វើការត្រួត ជាប្រចាំនូវដំណើរការអាជីវកម្មរបស់រោងចក្រ សហប្រុសទាំងនោះ ព្រមទាំងមានវិធានការគ្រប់គ្រងការនាំចូល ការធ្វើសន្និធិ ការចែកចាយ និងប្រើប្រាស់រាល់សារធាតុកំបិ ដើម្បីម្ចាស់ការចាត់វិធានការចំពោះសកម្មភាពលួចបង្វែរសារធាតុគីមីយកទៅកែច្នៃ ផលិតជាសារធាតុញៀនខុសច្បាប់។
៤. ពន្លឿនរាល់នីតិវិធីក្នុងការចាត់ចែងវត្ថុតាំង និងទ្រព្យសម្បត្តិនានាពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដែលត្រូវបានរឹបអូស និងបង្កក ដើម្បីយកមកគាំទ្រក្នុងសកម្មភាពប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន។ ទន្ទឹមគ្នានេះ ត្រូវខិតខំឲ្យអស់ពីសមត្ថភាព ក្នុងការស្រាវជ្រាវ ស៊ើបអង្កេត រកឲ្យឃើញ និងរឹបអូសនូវហិរញ្ញប្បទានពាក់ព័ន្ធ បទល្មើសគ្រឿងញៀន សំដៅរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងសកម្មភាពសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។
៥. លើកកម្ពស់សកម្មភាព ប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនដែលនាំចូលពីក្រៅប្រទេស ដោយខិតខំពន្លាតនីតិវិធីស្រាវជ្រាវរកខ្សែរយៈឧក្រិដ្ឋជនជួញដូរគ្រឿងញៀនធំៗ ដើម្បីបង្ក្រាបឲ្យដល់ឫសគល់ ព្រមជាមួយនឹងការយកចិត្តទុកដាក់ក្នុងការថែបំប៉ន លើកកម្ពស់សមត្ថភាពមន្ត្រីអនុវត្តច្បាប់ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការអន្តរជាតិ សំដៅធ្វើឲ្យប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខុសច្បាប់ កាន់តែមានប្រសិទ្ធភាពខ្ពស់។
ទន្ទឹមនោះ ត្រូវខិតខំជំរុញកសាងឲ្យបាននូវ "ភូមិ ឃុំ-សង្កាត់ គ្មានគ្រឿងញៀន" និងពង្រីកវិសាលភាពឲ្យដល់គ្រប់បណ្តាខេត្តជាប់ព្រំដែន ព្រមទាំងពង្រឹងសមត្ថភាពនៃការដឹកនាំ "ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព" នៅតាមបណ្តា ក្រុង ស្រុក នៃខេត្តគោលដៅសំខាន់ៗទាំងនោះឱ្យមានប្រសិទ្ធភាព។
៦. បន្តពង្រឹង និងជំរុញសកម្មភាពអនុវត្តវិធានការព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្ម ដោយត្រូវមានយន្តការដឹកនាំ និងសម្របសម្រួលច្បាស់លាស់នៅថ្នាក់ឃុំ-សង្កាត់។ ជាមួយគ្នានេះ ត្រូវខិតខំលើក កម្ពស់សមត្ថភាព គុណភាព និងពង្រីកសេវាបន្សាបព្យាបាលដោយផ្អែកលើសហគមន៍ នៅតាមឃុំ-សង្កាត់ គោលដៅអាទិភាព ឈានទៅពង្រីកវិសាលភាពគ្របដណ្ដប់បានឃុំ-សង្កាត់ នៅទូទាំងប្រទេស និងត្រូវជំរុញការងារ គ្រប់គ្រងមជ្ឈមណ្ឌលជាតិ ផ្ដល់សេវាព្យាបាលដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ឲ្យស្របតាមនិយាមព្យាបាល ព្រមទាំងបន្តកសាងមណ្ឌលបណ្តោះអាសន្នសម្រាប់ព្យាបាល និងស្តារនីតិសម្បទា តាមរាជធានី-ខេត្ត ដែលមានអំណោយផលចាំបាច់ និងពិនិត្យឡើងវិញអំពីគុណភាពនៃមណ្ឌលឯកជន ក៏ដូចជាអង្គការដៃគូនានា ដើម្បីចូលរួមក្នុងការព្យាបាលឱ្យកាន់តែមានប្រសិទ្ធភាព។
៧.កសាងឲ្យបាននូវយន្តការតាមដាន ត្រួតពិនិត្យមុខសញ្ញាប្រើប្រាស់សារធាតុញៀន មុខសញ្ញាដែលបានសមាហរណកម្មចូលក្នុងសហគមន៍ ដើម្បីគ្រប់គ្រង និងថែទាំសុខភាព បង្ការ ទប់ស្កាត់មិនឲ្យពួកគេវិលត្រឡប់ មកប្រើប្រាស់សារធាតុញៀនវិញ៕
អត្ថបទ៖លាង ឡា