ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តឱ្យប្រើប្រាស់ឧបករណ៍តេស្តរហ័សរក មេរោគកូវីដ-១៩ និងវិធានការនានា ក្នុងពិធីជួបជុំ ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ-១៩។
ក្នុងសារាចរស្តីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ នៃមេរោគកូវីដ-១៩ ពិសេស មេរោគបំប្លែងថ្មី ប្រភេទ "អូមីក្រុង" សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកទឹកចិត្តដល់ប្រជាជនទូទៅ និងអ្នករៀបចំការជួបជុំមនុស្ស ឬសកម្មភាពសង្គមដទៃទៀត ជាអាទិ៍ កម្មវិធីសាសនា កម្មវិធីប្រពៃណី កម្មវិធីកីឡា ឬកម្មវិធីកំសាន្ត ឱ្យធ្វើការកាត់បន្ថយចំនួនអ្នកចូលរួមក្នុង កម្មវិធីនានា ឱ្យនៅកម្រិតអប្បបរមា ដើម្បីធានាបាននូវការអនុវត្តវិធានគម្លាតសុវត្ថិភាពបុគ្គល និងសង្គម ស្របតាមស្ថានភាពជាក់ស្តែង នៃទីតាំងកម្មវិធីនីមួយៗ។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងក្នុងសារាចរណែនាំថា អ្នករៀបចំការជួបជុំមនុស្ស ឬសកម្មភាព សង្គមនានា ក៏ដូចជាអ្នកចូលរួមកម្មវិធីទាំងអស់ ត្រូវបានលើកទឹកចិត្តឱ្យប្រើប្រាស់ឧបករណ៍តេស្តរហ័សរក មេរោគកូវីដ-១៩ និងការត្រួតពិនិត្យលើបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ មុនចូលរួមកម្មវិធីនានា ដើម្បីជាវិធានការ បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩។
សូមបញ្ជាក់ថា មេរោគកូវីដ-១៩ បំប្លែងថ្មី ប្រភេទ “អូមីក្រុង" (Omicron) ដែលមានកម្រិតឆ្លងរាលដាលលឿន និង សកម្មជាងមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ត្រូវបានរកឃើញជាលើកដំបូងក្នុងសហគមន៍នៅកម្ពុជា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ ខណៈក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ អត្រានៃការឆ្លងរាលដាល ក្នុងសហគមន៍នៃមេរោគប្រភេទ "អូមីក្រុង" មានការកើនឡើងគួរឱ្យកត់សម្គាល់ជាបន្តបន្ទាប់ ដែលនឹងបង្កជាហានិភ័យសម្រាប់ប្រព័ន្ធសុខភាពសាធារណៈនៅកម្ពុជា។
គួរកត់សម្គាល់ថា រាជរដ្ឋាភិបាលកម្ពុជា ទើបបិទបញ្ចប់ប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និងបានបើកដំណើរការសកម្មភាពសេដ្ឋកិច្ច សង្គមពេញលេញ ឡើងវិញលើគ្រប់វិស័យ។ករណីឆ្លងរាលដាលនៃមេរោគប្រភេទ "អូមីក្រុង"នេះ ក៏ត្រូវបានព្រមានផងដែរថា អាចនឹងឈានដល់ការបិទសកម្មភាពសេដ្ឋកិច្ច សង្គម ឡើងវិញ ប្រសិនបើករណីឆ្លងកាន់តែខ្លាំង៕