ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញលិខិតមួយប្រាប់ដល់ក្រុមបាតុករ ដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ទាំងអស់ មិនឱ្យប្រមូលផ្តុំធ្វើសកម្មភាពបាតុកម្មខុសច្បាប់ នៅក្នុងសង្កាត់ទន្លេបាសាក់ និងព្រមានចាត់វិធានការតាមច្បាប់ ប្រសិនបើបន្តរឹងរូស។
រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅក្នុងសេចក្តីជួនដំណឹងរបស់ខ្លួននាថ្ងៃទី១៥ ខែកុម្ភៈនេះថា ការមិនអនុញ្ញាតឱ្យមានការប្រមូលផ្តុំធ្វើសកម្មភាពបាតុកម្មខុសច្បាប់ របស់ក្រុមអតីតបុគ្គលិក និងបុគ្គលិក ក្រុមហ៊ុនណាហ្គាវើលដ៍ នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន គឺដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ដែលកំពុងឆ្លងចូលក្នុងសហគមន៍កាន់តែច្រើនឡើងៗ ក៍ដូចជាធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ។
រដ្ឋបាលរាជធានីភ្នំពេញ បានព្រមានថា ក្នុងករណីរឹងរូស បន្តសកម្មភាព ខុសច្បាប់ទៀត គឺរដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយគ្មានការ លើកលែង។
ការតវ៉ារបស់អតីតបុគ្គលិក ក្រុមហ៊ុនណាហ្គាវើលដ៍ បានធ្វើឡើងអស់រយៈពេលជាង១ខែមកហើយ ហើយក៏មានការសម្របសម្រួលជាច្រើនលើករួចមកហើយដែរ តែពុំមានដំណោះស្រាយនោះឡើយ ហើយថ្មីៗនេះ ក្រសួងសុខាភិបាល បានរកឃើញករណី វិជ្ជមានកូវីដ-១៩ លើក្រុមបាតុករជាច្រើននាក់ផងដែរ។
សូមបញ្ជាក់ដែរថា ការតវ៉ារបស់អតីតបុគ្គលិក ក្រុមហ៊ុនណាហ្គាវើលដ៍ បានកើតឡើងក្រោយពីក្រុមហ៊ុន បានកាត់បុគ្គលិក ចំនួន៣៦៥នាក់ ចេញពីការងារនៅអំឡុងដើមឆ្នាំ និងពាក់កណ្តាលឆ្នាំ២០២១កន្លងទៅ និងការចាប់ខ្លួនតំណាងរបស់ពួកគេ។
ក្រុមហ៊ុនណាហ្គាវើល ធ្លាប់បានបញ្ជាក់ថា ការកាត់បន្ថយ និងបញ្ឈប់បុគ្គលិកមួយចំនួន គឺបន្ទាប់ពីក្រុមហ៊ុន បានជួបវិបត្តិដោយសារការរាតត្បាតជំងឺកូវីដ-១៩ ខណៈត្រឹមឆមាសទី១ ក្រុមហ៊ុន បានខាតបង់ថវិកាជាង៧០លានដុល្លារ៕
អត្ថបទ៖លាង ឡា