ភ្នំពេញ៖ សមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់ខ្លួនឧកញ៉ា ឌួង ងៀប នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ពាក់ព័ន្ធករណី ឆបោក និង មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។
សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានសារព័ត៌មានក្នុងស្រុកស្រង់សំដីថា ការចាប់ខ្លួនលោក ឌួង ងៀប គឺអនុវត្តតាមដីការតុលាការ សាលាដំបូងរាជធានីភ្នំពេញ។
កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺមួយដោយបញ្ជាក់ថា លោក ឌួង ងៀប ត្រូវបានប្តឹងដោយឈ្មោះ CHIH YU YEN និងឈ្មោះ YAO CHING KING កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ពីបទ ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ។
ពាក្យបណ្តឹងរបស់ជនជាតិតៃវ៉ាន់ បានបញ្ជាក់ថា ពួកគេ និងលោក ឌួង ងៀប បានព្រមព្រៀងទិញ លក់អចលនវត្ថុមួយកន្លែង និងបានប្រគល់ប្រាក់ ចំនួន ៧.៣០៥.០០០$ ឲ្យទៅជនត្រូវចោទឈ្មោះ ឌួង ងៀប រួចរាល់ ប៉ុន្តែជនត្រូវចោទ ពុំមានដីនោះឡើយ។។
កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ លោក ឌួង ងៀប បានបង្ហោះឃ្លីបវីដេអូមួយ ដោយច្រានចោលការចោទប្រកាន់ និងអះអាងថា លោកពុំដែលធ្លាប់មានទំនាក់ទំនង និងវិនិយោគជាមួយជនជាតិ តៃវ៉ាន់ ដែលបានប្តឹងរូបលោកនោះទេ៕