ព្រះសីហនុ៖ បុរសម្នាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងរថយន្ត កាលពីវេលាម៉ោងជាង៩យប់ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅក្បែរផ្លូវក្រោយពេទ្យ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចខេត្តព្រះសីហនុ បានឱ្យដឹងថា បុរសរងគ្រោះត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារចំនួន៥គ្រាប់ បណ្តាលឱ្យស្លាប់ភ្លាមៗនៅក្នុងរថយន្តតែម្តង។
ប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលការបាញ់ប្រហារកើតឡើង គេបានឃើញរថយន្តចំនួន២គ្រឿងបានប្រដេញនិងបុកគ្នា ហើយភាគីរថយន្តព្រុសពណ៌ស បានបាញ់ស្រោចទៅលើភាគីរថយន្តម៉ាក អូឌី ចំនួន៥គ្រាប់ បណ្តាលឱ្យមានអ្នកស្លាប់ភ្លាមៗតែម្តង។
យ៉ាងណាក៏ដោយ គេពុំទាន់ដឹងពីមូលហេតុពិតប្រាកដ នៃហេតុការណ៍បាញ់សម្លាប់មនុស្សនេះនៅឡើយទេ ប៉ុន្តែលោកឧត្តមសេនីយ៍ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា សមត្ថកិច្ចកំពុងតែស្រាវជ្រាវរកខ្មាន់កាំភ្លើងដើម្បីចាត់ការតាមនីតិវិធី៕