ភ្នំពេញ៖ មន្រ្តីជំនាញ នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ( CCF ) បានបន្តរកឃើញស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ចំនួន១១កន្លែងបន្ថែមទៀត ដែលប្រព្រឹត្តនូវអំពើមិនសុចរិត ដោយកេងចំណេញផលប្រយោជន៍ពីអ្នកប្រើប្រាស់។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ( CCF ) បានឱ្យដឹងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះថា នាអំឡុងថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ មន្រ្តីជំនាញ បានចុះពិនិត្យលើស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ចំនួន៣៧កន្លែង និងបានរកឃើញ អំពើមិនសុចរិតលើ១១ដេប៉ូប្រេង។
អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងបន្តថា ប្រតិបត្តិការចុះត្រួតពិនិត្យអនុលោមភាពនេះ បានធ្វើឡើងនៅតាមបណ្តាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ស្ថិតក្នុងស្រុករុក្ខគិរី និងស្រុកមោងឬស្សី ស្រុករមាសហែក ស្រុកទ្រាំង ស្រុកស្វាយអន្ទរ និងក្រុងព្រៃវែង ស្រុកអន្លង់វែង ស្រុកអង្គស្នួល និងស្រុកកណ្តាលស្ទឹង។
ជាមួយគ្នានេះ ម្ចាស់ដេប៉ូដែលប្រព្រឹត្តល្មើស ត្រូវបានមន្ត្រីជំនាញចាត់វិធានការពិន័យអន្តរការណ៍នៅនឹងកន្លែង និងបានតម្រូវឱ្យធ្វើកិច្ចសន្យាបញ្ចប់ការរកស៊ីកេងប្រវ័ញ្ចផងដែរ៕