ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអំពាវនាវឱ្យមានការប្រុងប្រយ័ត្នខ្ពស់នូវលទ្ធភាព នៃការឆ្លងវីរុសកូវីដ-១៩ ដែលកំពុងចូលក្នុងសហគមន៍ ដោយត្រូវកាត់បន្ថយការជួបជុំក្នុងទ្រង់ទ្រាយធំ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា ជារៀងរាល់ឆ្នាំ នាថ្ងៃទី១៤ ខែកុម្ភៈ មានប្រជាពលរដ្ឋមួយចំនួន ជាពិសេសយុវជន យុវនារី ទោះបីជាមិនមែនជាប្រពៃណីរបស់ខ្មែរ តែនឹងអាចមានការជួបជុំគ្នាដើរកម្សាន្ត ឬបរិភោគអាហាររួមគ្នាជាដើម ដែលសកម្មភាពនេះ អាចបង្កជាហានិភ័យខ្ពស់ នាំឱ្យមានការចម្លងជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ ជាពិសេសវីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ដែលជាប្រភេទវីរុសឆ្លងលឿនជាងប្រភេទមុនៗ។
លោក ម៉ម ប៊ុនហេង បានក្រើនរំលឹកដល់សាធារណជនទាំងអស់ ជាពិសេសយុវជន-យុវនារី ឱ្យបន្តការប្រុងប្រយ័ត្នខ្ពស់នូវលទ្ធភាពនៃការឆ្លងវីរុសកូវីដ-១៩ ដែលកំពុងតែចរាចរនៅក្នុងសហគមន៍ និងអនុវត្តន៍វិធានការសុខាភិបាល ឱ្យបានម៉ត់ចត់តាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
ក្រសួងសុខាភិបាល បានកត់សម្គាល់ថា ការចម្លងវីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ភាគច្រើនកើតមាននៅក្នុងចំណោមក្រុមមនុស្ស ដែលមានការជួបជុំគ្នាច្រើន ហើយមានការធ្វេសប្រហែស ដែលបង្កជាឱកាសធ្វើឱ្យមានការចម្លងបន្តគ្នា។
ក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់សាធារណជនទាំងអស់ រួមគ្នាចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ និងកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩បំប្លែងថ្មីអូមីក្រុង នៅក្នុងសហគមន៍ដោយប្រែក្លាយថ្ងៃ១៤កុម្ភៈ ជាថ្ងៃបង្ហាញការចូលរួម និងការយកចិត្តទុកដាក់ក្នុងការការពារមនុស្សជា ទីស្រឡាញ់របស់ខ្លួន ពីការឆ្លងវីរុសកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មីអូមក្រុង៕
អត្ថបទ៖លាង ឡា