មនុស្សរាប់ពាន់នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូងបានចុះហត្ថលេខាលើញត្តិមួយ ដែលអំពាវនាវឱ្យមានសកម្មភាពបន្ថែមទៀតលើការគំរាមកំហែងតាមអ៊ីនធឺណិត បន្ទាប់ពីមានតារាល្បីល្បាញពីរនាក់បានស្លាប់។ ទាំងអ្នកលេងបាល់ទះ, លោក Kim In-hyeok និង YouTuber, កញ្ញា Cho Jang-mi ដែលបានស្លាប់ក្នុងរយៈពេលមួយថ្ងៃពីគ្នា ត្រូវបានគេគិតថាបានយកជីវិតរបស់ខ្លួនឯង។ អ្នកទាំងពីរ ត្រូវបានក្លាយជា គោលដៅនៃការបញ្ចេញមតិ (Comment) ស្អប់ខ្ពើមតាមអ៊ីនធឺណិត។
ការគំរាមកំហែងតាមអ៊ីនធឺណិតលើបុគ្គលល្បីល្បាញ គឺជាបញ្ហាធំនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយបានបណ្តាលឲ្យតារាល្បីៗជាច្រើននាក់បានសម្លាប់ខ្លួន។ ញត្តិនេះត្រូវបានបង្កើតឡើង បន្ទាប់ពីការស្លាប់របស់ Influencer កញ្ញា Cho Jang-mi អាយុ 27 ឆ្នាំ (ត្រូវបានគេស្គាល់តាមអ៊ីនធឺណិតថាជា BJ Jammi) ដែលត្រូវបានគេរកឃើញថា បានស្លាប់នៅក្នុងផ្ទះនៅថ្ងៃទី 5 ខែ កុម្ភៈ។ របាយការណ៍ Yonhap រាយការណ៍ថា មនុស្សម្នាក់ដែលអះអាងថាជាសមាជិកគ្រួសារបាននិយាយថា នាងបានឆក់យកជីវិតរបស់នាងដោយសារតែ Comment ស្អប់ខ្ពើមតាមអ៊ីនធឺណិត។ ដើមហេតុនៃការធ្វើអត្តឃាតនេះ គឺនាងត្រូវបានគេចោទប្រកាន់ក្នុងឆ្នាំ 2019 ដោយសារតែការធ្វើកាយវិការនៅក្នុងវីដេអូមួយរបស់នាងដែលបង្កប់ន័យថា នាងស្អប់ខ្ពើមមនុស្សប្រុស។
ញត្តិដែលចុះហត្ថលេខាដោយមនុស្សជិត ១៥០,០០០ នាក់ បានអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មចំពោះអ្នកដែលផ្សព្វផ្សាយពាក្យ ចចាមអារ៉ាមអំពីនាង។ ការស្លាប់របស់កញ្ញា Cho បានកើតឡើងមួយថ្ងៃបន្ទាប់ពីលោក Kim In-hyeok អ្នកលេងបាល់ទះអាយុ 28 ឆ្នាំសម្រាប់ក្រុម Daejeon Samsung Fire Bluefangs ត្រូវបានគេរកឃើញថាបានស្លាប់។ គាត់ក៏បានអំពាវនាវឱ្យមនុស្សបញ្ឈប់ការផ្ញើសារស្អប់ខ្ពើម និងផ្សព្វផ្សាយពាក្យចចាមអារ៉ាមអំពីភេទ និងរូបរាងរបស់គាត់តាមអ៊ីនធឺណិត។ គាត់ធ្លាប់បានសរសេរនៅលើ Instagram ថា "មនុស្សដែលមិនដឹងថាខ្ញុំជានរណា បានផ្ញើសារដោយផ្ទាល់រាប់មិនអស់ ហើយបង្ហោះមតិយោបល់ដ៏គួរឱ្យស្អប់ខ្ពើមគ្រប់ពេលដែលខ្ញុំលេងហ្គេម។ វាពិតជាលំបាកណាស់ក្នុងការទ្រាំទ្រទាំងអស់ណាស់។ សូមបញ្ឈប់ធ្វើបែបនេះទៀតទៅ" ។
វាមិនមែនជាលើកទីមួយទេ ដែលតារាល្បីម្នាក់ធ្វើអត្តឃាតនៅប្រទេសកូរ៉េខាងត្បូង បណ្តាលមកពីការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត នាំឲ្យមានការព្រួយបារម្ភខ្លាំង។ នៅក្នុងឆ្នាំ 2019 តារាសម្តែង និងតារាចម្រៀង Sulli ត្រូវបានគេរកឃើញថាបានស្លាប់ បន្ទាប់ពីទទួលការរំលោភបំពានលើអ៊ីនធឺណិតជាច្រើនឆ្នាំ។ វាបានជំរុញឱ្យតារាល្បីៗមួយចំនួនអំពាវនាវឱ្យមានការគាំទ្រកាន់តែប្រសើរឡើងសម្រាប់អ្នកដែលនៅក្នុងឧស្សាហកម្ម K-pop និងសម្ពាធដែលពួកគេមាន៕
អត្ថបទដកស្រង់ពី BBC
បកប្រែនិងកែសម្រួលដោយ Mr. Blue