ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នាព្រឹកថ្ងៃពុធ ទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់អគ្គស្នងការនគរបាលជាតិ និងអ្នកពាក់ព័ន្ឋនានា ឱ្យពិនិត្យលើអ្នកបើកបរ ដើម្បីស្វែងរកសារធាតុញៀន។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍លើកឡើងថា អ្នកបើកបររថយន្តដឹកទំនិញធុនធំភាគច្រើនមានពាក់ព័ន្ឋនឹងបញ្ហាគ្រឿងញៀន។ សម្តេចក្រឡាហោម បានសុំឱ្យបណ្តាក្រុមហ៊ុនដឹកជញ្ជូន និងស្ថាប័នពាក់ព័ន្ឋទាំងអស់ សហការគ្នារៀបចំបែបបទ នីតិវិធី នានា ដើម្បីរកវិធីដោះស្រាយ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍លើកឡើងថា ក្នុងចំណោមអ្នកជាប់ពន្ធនាគារប្រមាណ ៣៨,០០០នាក់ មានជាង២០,០០០នាក់ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ដែលក្នុងនោះមានទាំងអ្នកដែលរកស៊ី និងអ្នកជក់ផងដែរ។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២១ សមត្ថកិច្ច បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនបានសរុបចំនួន៦,៣០៨ករណី ស្មើនឹង៦០.៣០ភាគរយ គិតលើឆ្នាំ២០២០ ពោលគឺបានថយចុះ៤,១៥៣ករណី ស្មើនឹង៣៩.៧០ភាគរយ ធៀបនឹងឆ្នាំ២០២០កន្លងទៅ។
ផ្អែកតាមលទ្ធផល នៃកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានចាប់យកគ្រឿងញៀនសរុបជាង៤តោន ក្នុងនោះរួមមាន៖ មេតំហ្វេតាមីនក្រាមម្សៅ (ICE) ជាង៩៤៧គីឡូក្រាម, មេតំហ្វេតាមីនគ្រាប់(WY)ជាង៦គីឡូក្រាម, អិចស្តាស៊ីជាង ៥៥៦គីឡូក្រាម, កេតាមីន ជាង២,៧៨២គីឡូក្រាម, ហេរ៉ូអ៊ីនជាង២៧៥គីឡូក្រាម, កាទីណូនជាង១០៦គីឡូក្រាម, នីមេតាសេប៉ាមជាង១១គីឡូក្រាម និងកាកូអីនជាង១គីឡូក្រាម និងបង្ក្រាបបានកញ្ឆាស្រស់មួយចំនួនទៀត ខណៈសារធាតុគីមីផ្សុំបង្ក្រាបបានជាង៨៤តោន កើនជាង១ពាន់ភាគរយ៕
អត្ថបទ៖លាង ឡា