ភ្នំពេញ៖ ក្រុមយុវវ័យ ឬមនុស្សវ័យកណ្តាល ត្រូវបានរាយការណ៍ថា ជាមុខសញ្ញាចម្លងជំងឺកូវីដ-១៩ ខណៈពួកគេតែងចេញក្រៅផ្ទះញឹកញាប់។នេះបើយោងតាមការអះអាងរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល។
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ការចម្លងនាពេលបច្ចុប្បន្ន មានសន្ទុះកើនឡើងលើក្រុមយុវវ័យ ឬវ័យកណ្តាល ដែលក្រុមនេះបានដើរចេញក្រៅផ្ទះច្រើនឬមានការជួបជុំច្រើន។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអំពាវនាវដល់យុវវ័យ និងមនុស្សគ្រប់រូបឱ្យចូលរួមអនុវត្តនូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានម៉ត់ចត់និងត្រឹមត្រូវ ដើម្បីការពារបុគ្គលខ្លួនឯងដោយមិនត្រូវនាំវីរុសកូវីដ-១៩ អូមីក្រុង មកចូលផ្ទះនោះទេ។
ស្ថានភាព នៃការឆ្លងវីរុសកូវីដ-១៩ ជាពិសេស អូមីក្រុង នៅកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់លើសពី៣ខ្ទង់ ដែលករណីនេះត្រូវបានក្រសួងសុខាភិបាលកត់សម្គាល់ថា ដោយសារមិនទាន់មានការអនុវត្តន៍បានម៉ត់ចត់និងម៉ឺងម៉ាត់ ជាពិសេសការជួបជុំគ្នាគឺមានការកើនឡើងច្រើនទៅៗដោយមិនមានការប្រតិបត្តិត្រឹមត្រូវតាមវិធានការសុខាភិបាល ដែលបង្កលទ្ធភាពឱ្យមានការចម្លងវីរុសកូវីដ-១៩ កើនឡើងជារៀងរាល់ថ្ងៃ។
នាយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបន្តប្រកាន់ខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល និងទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៣ ឬដូសជំរុញឱ្យបានគ្រប់ៗគ្នា៕