ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ចោរពីរនាក់ភ្ជាប់ដោយកាំបិត បានចូលសាលាអនុវិទ្យាល័យមួយក្នុងប្រទេសស៊ុយអែតកាលពីថ្ងៃចន្ទ ហើយបានលួចកុំព្យូទ័រពីសិស្សនៅទីនោះ។
បុរសនោះពាក់ម៉ាស់ បានដើរចូលទៅក្នុងថ្នាក់រៀនរបស់សាលាក្នុងក្រុង Vasteras ខណៈពេលដែលគ្រូកំពុងបង្រៀន។ បុរសទាំងនោះបានយកកុំព្យូទ័ររបស់ថ្នាក់រៀនទាំងអស់ ប៉ុន្តែត្រូវបង្ខំចិត្តបោះចោលមួយចំនួន បន្ទាប់ពីគ្រូដេញតាមពួកគេ។ មិនមានសិស្ស ឬបុគ្គលិកណាម្នាក់រងរបួសនោះទេ ប៉ុន្តែអ្នកដំណើរដែលព្យាយាមជួយអន្តរាគមន៍ ត្រូវបានព្យាបាលដោយគ្រូពេទ្យនៅនឹងកន្លែង។
ប៉ូលីសមិនបានផ្តល់ព័ត៌មានលម្អិតពេញលេញនៃករណីប្លន់នេះទេ ប៉ុន្តែបាននិយាយថា មន្រ្តីត្រូវបានហៅទៅកាន់កន្លែងកើតហេតុ បន្ទាប់ពី "ជនល្មើស" បានបង្ខំមនុស្សឱ្យប្រគល់ឧបករណ៍អេឡិចត្រូនិកមកវិញ។
នាយកសាលា Henrik Pettersson បាននិយាយថា សិស្សមួយចំនួននៅមានអារម្មណ៍ភិតភ័យនៅឡើយ នៅម៉ោងសិក្សានាពេលរសៀល។ គាត់បានប្រាប់កាសែត Aftonbladet ថា "មានមនុស្សជាច្រើនដែលសោកសៅ តូចចិត្ត និងតក់ស្លុត ដែលបានស្ថិតក្នុងហេតុការណ៍ដ៏គួរឱ្យរន្ធត់បែបនេះ"។ លោក Pettersson បានបន្ថែមថា "រឿងបែបនេះមិនគួរកើតឡើងនៅក្នុងសាលារៀនទេ វាពិតជាអាក្រក់ខ្លាំងណាស់"។
សាលាបាននិយាយថា អ្នកដែលនៅក្នុងថ្នាក់ និងគ្រូដែលដេញតាមក្រុមចោរ កំពុងទទួលបានការគាំទ្រពីមនុស្សម្នាជាច្រើនអំពីសេចក្តីក្លាហានរបស់ពួកគេ៕
អត្ថបទដកស្រង់ពី BBC
បកប្រែនិងកែសម្រួលដោយ Mr. Blue