ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប បានជំរុញដល់អាជ្ញាធរឱ្យត្រូវពិនិត្យ ចំពោះជនបំពានការកាប់ទន្ទ្រានព្រៃលិចទឹក ដោយត្រូវអនុវត្តទៅតាមផ្លូវច្បាប់។
ការជំរុញនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តសៀមរាប នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ម្សិលមិញ។ សម្តេច ទៀ បាញ់ មានប្រសាសន៍លើកឡើងថា នៅក្នុងឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តោតសំខាន់លើបញ្ហាព្រៃលិចទឹក ដែលក្រុមជនខិលខូច បានយកប្រជាកសិករធ្វើរបាំង ដើមី្បផលប្រយោជន៍របស់ខ្លួន។
រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប បានជំរុញដល់អាជ្ញាធរក្រុង ស្រុកទាំងអស់ ជាប់បឹងទន្លេសាប ឱ្យរួមសហការសាមគ្គីគ្នា ធ្វើការផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋ និងសូមឲ្យអាជ្ញាធរបឹងទន្លេសាប ធ្វើការផ្សព្វផ្សាយអំពីច្បាប់គ្រប់តំបន់ព្រៃលិចទឹក ឲ្យបានស៊ីជម្រៅដល់ប្រជាកសិករ ដែលអាស្រ័យផលនៅក្នុងតំបន់៣ ក្នុងការសំដៅរក្សាការពារបឹងទន្លេសាប កុំឲ្យវិនាសបាត់បង់នូវព្រៃ លិចទឹក ដែលជាដែនជម្រកត្រីពងកូននៅរដូវវស្សា និងសត្វស្លាបរស់នៅ។
លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងថា ក្រុមការងារបានទប់ស្កាត់បង្រ្កាបបទល្មើសកាប់ទន្ទ្រានព្រៃលិចទឹកតំបន់បឹងទន្លេសាប (តំបន់៣) នៅខេត្តសៀមរាប មានលើសពី២០០០ហិចតា ហើយនឹងឈានទៅធ្វើការបោះបង្គោលកំណត់តំបន់១, តំបន់២ និងតំបន់៣ ឲ្យបានច្បាស់លាស់នារដូវប្រាំងនេះ។
សូមបញ្ជាក់ថា យុទ្ធនាការទប់ស្កាត់ការទន្ទ្រានយកដីព្រៃលិចទឹក នៅតំបន់បឹងទន្លេសាប បានចាប់ផ្តើមនៅចុងខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ។ ក្នុងរយៈពេលជាង២ខែមកនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួនអ្នកពាក់ព័ន្ធមួយចំនួន ក្នុងនោះក៏មានអ្នកយល់ព្រមប្រគល់ដីមករដ្ឋវិញផងដែរ៕
អត្ថបទ៖លាង ឡា