បាងកក៖ ក្រសួងពាណិជ្ជកម្មថៃ បានប្រកាសកាលពីដើមសប្តាហ៍នេះថា ប្រទេសថៃបានទទួលការវិនិយោគបរទេសសរុបចំនួន ៨២.៥ពាន់លានបាត (២.៤៨ពាន់លានដុល្លារ) កាលពីឆ្នាំមុន ដោយបង្កើតការងារចំនួន ៥,៤៥០កន្លែង ដល់ប្រជាជនថៃ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation របស់ថៃ។
ប្រទេសជប៉ុននៅតែជាអ្នកវិនិយោគបរទេសខ្ពស់បំផុតរបស់ព្រះរាជាណាចក្រថៃ ដោយឈរនៅលំដាប់កំពូលជាមួយនឹង ២,៣២៦ពាន់លានបាត ឬ ២៨.៦ភាគរយភាគរយ នៃការវិនិយោគសរុប។
សហរដ្ឋអាមេរិក ជាប់ចំណាត់ថ្នាក់លេខពីរ ដោយមានប្រាក់ចំនួន ៥.៩៤ពាន់លានបាត (១៥.៤ ភាគរយ) និងប្រទេសសិង្ហបុរី ជាប់ចំណាត់ថ្នាក់លេខ ៣ មាន ១០.៥៣ពាន់លានបាត (១៥.១ ភាគរយ)។
ភាគច្រើននៃអាជីវកម្មបរទេសចំនួន ៥៧០ ដែលបានផ្តល់អាជ្ញាប័ណ្ណក្នុងឆ្នាំ ២០២១ គឺទាក់ទងទៅនឹងឧស្សាហកម្មថ្មី ឬ S-Curve ។ រដ្ឋាភិបាលកំពុងស្វែងរកការទាក់ទាញអាជីវកម្ម S-Curve ជាមួយនឹងការផ្សព្វផ្សាយការវិនិយោគក្នុងគោលបំណងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច។
ការវិនិយោគបរទេសត្រូវបានគេរំពឹងថា នឹងពង្រីកនៅឆ្នាំនេះចំពេលមានសញ្ញាថាតម្រូវការក្នុងស្រុក និងអន្តរជាតិបានចាប់ផ្តើមងើបឡើងវិញ។ មន្ត្រីជំនាញថៃនិយាយថា និន្នាការនៃការវិនិយោគក្នុងការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនថៃដើម្បីទទួលបានការលើកទឹកចិត្តពីក្រុមប្រឹក្សាវិនិយោគគួរតែជួយដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងស្រុក៕
ដោយ៖ ថូ សិរីវឌ្ឍន៍