ភ្នំពេញ៖ តំបន់នានានៅកម្ពុជា នឹងមានភ្លៀងធ្លាក់ដោយអន្លើ ដែលបណ្តាលមកពីឥទ្ធិពលនូវជ្រលងសម្ពាធទាប ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។
យោងតាមប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ក្នុងសប្ដាហ៍ខាងមុខនេះ កម្ពុជានឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាប (ឥណ្ឌូនេស៊ី) ក្នុងកម្រិតពីខ្សោយទៅមធ្យម ។ ទន្ទឹមនោះឥទ្ធិពលនៃទ្រនុងសម្ពាធខ្ពស់ (ចិន) ក៏នៅមាននៅឡើយដែលអាចបង្កើតបានជាការប្រសព្វមុខគ្នារវាងធាតុក្ដៅ-ត្រជាក់ (Convection) បណ្ដាលឲ្យមានភ្លៀងឡូកាល់ (Local) ដោយអន្លើ ។
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងបន្តថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា ពី ២៣-២៦ អង្សា និងសីតុណ្ហភាពអតិបរមា ពី៣៣-៣៦ អង្សា ដែលអាចមានភ្លៀងផ្គរ ក្នុងកម្រិតពីខ្សោយទៅច្រើន។ ក្នុងនោះ បណ្តារាជធានី-ខេត្ត នៅភាគខាងក្រោម អាចមានបរិមាណភ្លៀងច្រើនជាង ។
ក្រសួងបន្តទៀតថា នៅបណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ អង្សា និងសីតុណ្ហភាពអតិបរមា ពី៣៣-៣៦អង្សា នឹងអាចមានភ្លៀងផ្គរ ក្នុងកម្រិតពីខ្សោយទៅមធ្យម ។
ជាមួយគ្នានេះ ក្រសួងបញ្ជាក់ថា នៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ អង្សា និងសីតុណ្ហភាពអតិបរមា មានពី ២៧-៣០អង្សា នឹងអាចមានភ្លៀងផ្គរ ក្នុងកម្រិតពីមធ្យមទៅច្រើនផងដែរ។
កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងធនធានទឹក និងឧតុនិយម ធ្លាប់បានប្រកាសថា ក្នុងរដូវប្រាំងឆ្នាំនេះ បរិមាណទឹកភ្លៀង អាចនឹងមានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ និងច្រើនជាងឆ្នាំ ២០២១ ខណៈចាប់ពីខែកុម្ភៈ រហូតដល់ដើមខែឧសភា នឹងអាចមានភ្លៀងកក់ខែពីមធ្យមទៅច្រើន។ ទោះបីក្នុងរដូវប្រាំង និងដើមរដូវវស្សា អាចនឹងមានភ្លៀងធ្លាក់កក់ខែច្រើន តែបរិមាណទឹកភ្លៀងដែលធ្លាក់មក មិនទាន់សមល្មមក្នុងការប្រើប្រាស់ ឆ្លើយតបតាមតម្រូវការភ្លាមៗនោះឡើយ ហើយទាមទារឱ្យមានការសន្សំសំចៃទឹក ពិសេសនៅតំបន់ជនបទដាច់ស្រយាលដែលឆ្ងាយពីប្រភពទឹក៕