នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម រយៈពេល៤ថ្ងៃ ដោយចាប់ពីថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ២០ម៉ឺននាក់ បានទៅកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា ក្នុងខេត្តបាត់ដំបង។
តាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឱ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន និងវៀតណាម រយៈពេល ៤ថ្ងៃ ដោយចាប់ពីថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរទៅទស្សនាកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍នានា ចំនួន ២១៨,៤២០នាក់ កើនឡើង២០៣.៧៧ ភាគរយប្រៀបធៀប នឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ដែលមានចំនួន ៧១,៩០៤ នាក់។ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ២១៧,៩៥៩ នាក់ កើនឡើង ២០៣.៩៤ ភាគរយប្រៀបធៀប ឆ្នាំ២០២១ ដែលមានចំនួន ៧១,៧១១ នាក់ចំណែកភ្ញៀវទេសចរអន្តរជាតិផ្ទៃក្នុងមានចំនួន ៤៦១ នាក់ កើនឡើង ១៣៨.៧៧ភាគរយប្រៀបធៀប ឆ្នាំ២០២១ ដែលមានចំនួន១៩៣នាក់។
បើតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបង កត្តាដែលនាំឱ្យមានកំណើនភ្ញៀវទេសចរឆ្នាំនេះបណ្តាលមកពីសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់មានភាពល្អប្រសើរ ហេដ្ឋារចនាសម្ព័ន្ធទៅកាន់រមណីយដ្ឋាននិងគោលដៅទេសចរណ៍នានាល្អ, ការរៀបចំផលិតផលថ្មីៗនៅតាមគោលដៅ ទេសចរណ៍សំខាន់ៗ, អាកាសធាតុអំណោយផល តំបន់គោលដៅទេសចរណ៍នៅជាប់ប្រភពទឹកមានសភាពស្អាត ត្រជាក់ ទឹកថ្លាល្អ រាក់ងាយស្រួលលេង ជាពិសេសគឺការធូរស្រាលនៃជំងឺកូវីដ១៩។
បាត់ដំបង មានវិសាលភាពរមណីយដ្ឋាននិងគោលដៅទេសចរណ៍ទូទាំងខេត្តមានចំនួន១១១ ទីតាំង ក្នុងនោះរមណីយដ្ឋានទេសចរណ៍មានចំនួន ២០ទីតាំង សហគមន៍និងអេកូទេសចរណ៍មាន ០៤ទីតាំង គោលដៅទេសចរណ៍មាន៥៤ ទីតាំង ទេសចរណ៍សាសនាមាន២៩ ទីតាំង និងកសិទេសចរណ៍មាន ០៤ទីតាំង ។
គួររំលឹកថា សម្រាប់ពិធីបុណ្យចូលឆ្នាំប្រជាជនចិន និងវៀតណាម ចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី០៣ ខែកុម្ភៈនេះ ក្រសួងទេសចរណ៍ បានដាក់ចេញនូវវិធានការមួយចំនួនដើម្បីសុវត្ថិភាព ក៏ដូចជាចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកវីដ-១៩សម្រាប់មន្ទីរទេសចរណ៍ រាជធានី ខេត្ត នានាផងដែរ។
បើតាមក្រសួងទេសចរណ៍ មន្ទីរជំនាញត្រូវជំរុញការអនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្លួន និងម៉ឹងម៉ាត់នូវវិធានការទាំងឡាយដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺក្លូរីដ ១៩ ពិសេសវិធានការ “៣ ការពារ” និង “៣ កុំ” ឲ្យបានខ្ជាប់ខ្ជួនហើយត្រូវ ពង្រឹងការអនុវត្តវិធាន សុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្ដង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ដើម្បីរក្សាស្ថិរភាពអាជីវកម្ម និងធានាសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។
ជាមួយគ្នានេះ ត្រូវបន្តពង្រឹងការគ្រប់គ្រងឲ្យបានល្អប្រសើរនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាពិសេសត្រូវកំណត់ចំនួនភ្ញៀវដែលអាចទទួលភ្ញៀវបានក្នុងពេលតែមួយគឺមិនត្រូវទទួលភ្ញៀវលើសពីចំណុះដាច់ខាត ហើយក្នុងករណីមានការកកកុញលើសពីសមត្ថភាពផ្ទុក មន្ទីរទេសចរណ៍ត្រូវរាយការណ៍មកក្រសួងទេសចរណ៍ និងរដ្ឋបាលរាជធានីខេត្តជាបន្ទាន់ ដើម្បីមានវិធានការផ្អាកសកម្មភាពរមណីយដ្ឋាន និងគោលដៅទេសចរណ៍នោះ ជាបណ្តោះអាសន្នសិន៕ (មានជ័យ)