ក្នុងឳកាសថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាម រយៈពេល៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅទឹកដីខេត្តសៀមរាបអង្គរទទួលបាន ភ្ញៀវទេសចរប្រមាណ ៥៨,៩៥៣ នាក់ ដើរកម្សាន្តនៅតាមរមណីយដ្ឋាននានា នេះបើតាមប្រធានមន្ទីរទេសចរខេត្តសៀមរាប លោក ង៉ូវ សេងកាក់។
លោក ង៉ូវ សេងកាក់ បានមានប្រសាន៏នៅ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះថាក្នុងចំណោមភ្ញៀវទេសចរទាំងនោះ មានភ្ញៀវទេសចរជាតិ ចំនួនប្រមាណ ៥៧,០០០ នាក់។ ក្នុងនោះភ្ញៀវទេសចរមកពីតាមបណ្តាខេត្តមានចំនួនប្រមាណ៤០ ទៅ៤៥ ភាគរយ ដែលមានប្រមាណពី២២,០០០ ទៅ២៥,០០០ នាក់។ ពួកគាត់ធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់រមណីយដ្ឋានមួយចំនួនដូចជា៖ រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ៣៨,០០០ នាក់, រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួនប្រមាណ ៩,០០០ នាក់, សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗមានចំនួនប្រមាណ ១០,០០០ នាក់។
ចំណែកភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ១,៩៥៣ នាក់ ហើយភ្ញៀវទេសចរបរទេសមកតាមផ្លូវអាកាស Singapore Airline មាន ចំនួន៣២៩ នាក់ និងភ្ញៀវបរទេសត្រលប់ទៅសឹង្ហបុរីវិញមានចំនួន ១៩០ នាក់។
ពិធីបុណ្យចូលឆ្នាំប្រជាជនចិន និងវៀតណាម ចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី០៣ ខែកុម្ភៈ នេះ ក្រសួងទេសចរណ៍បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីសុវត្ថិភាពក៏ដូចជាចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកវីដ-១៩ សម្រាប់មន្ទីរទេសចរណ៍ រាជធានី ខេត្ត នានាផងដែរ ហើយបើតាមរបាយការណ៏បណ្តាខេត្តនានាទូទាំងប្រទេស នៅក្នុងឳកាសពិធីបុណ្យចូលឆ្នាំប្រជាជនចិន និងវៀតណាម នេះ ភ្ញៀវទេសចរបានកើនឡើង បើទោះបីជានៅខេត្តខ្លះបានកើនឡើងតិចតួច ប៉ុន្តែបានបង្ហាញពីនិន្នាការកើនឡើងនៃភ្ញៀវទេសចរនាពេលខាងមុខ៕ (មានជ័យ)