នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម រួមជាមួយសហការី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនពលរដ្ឋ និងអាជីវករ ១៣គ្រួសារ រស់នៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ រងគ្រោះដោយអគ្គិភ័យ កាលពីវេលាម៉ោង០៩ និង២០នាទីយប់ ថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២២ មូលហេតុឆ្លងចរន្តអគ្គិសនី ធ្វើឲ្យឆេះតូបលក់ដូរទូរស័ព្ទ គ្រឿងអគ្គិសនី តូបអ៊ុតសក់ជាបន្តបន្ទាប់ និងបន្តឆេះផ្ទះក្បឿង ទំហំ ១០ម×១៩ម ៣ខ្នងទៀត ជាប់នៅផ្សារស្ពឺ ខូចខាតអស់ទាំងស្រុង។
ឯកឧត្តម រួមជាមួយសហការី បានចូលរួមសោកស្តាយជាពន់ពេក ជាមួយក្រុមគ្រួសារអាជីវកររងគ្រោះទាំងអស់ ចំពោះគ្រោះអគ្គិភ័យមិននឹកស្មានដល់ដែលបានបំផ្លាញលំនៅដ្ឋាន តូបអាជីវកម្ម និងសម្ភារ អស់គ្មានសល់ និងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតអាសូរបំផុត ពីសំណាក់ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរបារម្ភ អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង រួមទាំងជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍។
ឯកឧត្តម បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ពីគ្រោះអគ្គីភ័យ ក្នុងរដូវប្រាំង ដោយអនុវត្តវិធានការជំនាញ និងបានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តវិធានការ ''៣ការពារ ៣កុំ និង ១ចូលរួម"។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ ដ៏ថ្លៃថ្លារបស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ដែលផ្តល់ជូនទាំង ១៣គ្រួសារ នាពេលនេះ ក្នុង១ គ្រួសារៗ ទទួលបាន៖
-អង្ករ ២៥ គក្រ, មីជាតិ ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ឃីត (មុង ភួយ សារុង ក្រម៉ា) ១កញ្ចប់, តង់ ១, អាវយឺត ចំនួន៨។ ដោយឡែក ចំពោះថវិកាផ្តល់ជូនម្ចាស់ផ្ទះដែលខូចខាតទាំងស្រុង និងជាម្ចាស់តូបរងគ្រោះ ១គ្រួសារ ទឹកប្រាក់ចំនួន ២,០០០,០០០ រៀល។ ផ្តល់ជូនម្ចាស់តូបរងគ្រោះ ១០គ្រួសារ ក្នុង១គ្រួសារ ៥០០,០០០រៀល និងអាជីវកររងគ្រោះ ២គ្រួសារទៀត ដែលខូចខាត ៤០% ផ្តល់ជូន ១គ្រួសារ ៤០០,០០០រៀលផងដែរ៕