វីដេអូម្តាយជនជាតិចិនម្នាក់ ដែលមានកូន ប្រាំបីនាក់ ជាប់ក្នុងខ្ទមភូមិដោយមានច្រវាក់នៅនឹងក បានបង្កការខឹងសម្បារនិងតក់ស្លុតក្នុងប្រទេសចិន។
វីដេអូនៅលើគណនីយ Douyin ដែលជាម្ចាស់ TikTok ត្រូវបានថតដោយបុរសម្នាក់ដែលទៅលេងស្ត្រីម្នាក់នោះ ហើយពិតជាភ្ញាក់ផ្អើលនឹងអ្វីដែលគាត់បានឃើញ។ បន្ទាប់មកបុរសនោះបានយកសម្លៀកបំពាក់រងាមកឲ្យនាងហើយបានសួរនាងជាច្រើនសំណួរ ប៉ុន្តែនាងមិនអាចឆ្លើយបានត្រឹមត្រូវនោះទេ។
វីដេអូនេះបានសាយភាយដោយអ្នកលេងអ៊ីនធឺណិតចិនទាមទារឲ្យអាជ្ញាធរជួយអន្តរាគមន៍ដល់នាង។
មនុស្សជាច្រើនក៏បានពិភាក្សាអំពីការរំលោភបំពានលើស្ត្រី និងសិទ្ធិដែលមានកម្រិតរបស់ពួកគេនៅក្នុងតំបន់ជនបទរបស់ប្រទេសចិន ហើយបានចោទសួរអំពីស្ថានភាពដែលស្ត្រីនៅទីក្រុង Xuzhou ក្នុងខេត្ត Jiangsu ភាគខាងកើត បានផ្តល់កំណើតដល់កូនប្រាំបីរបស់នាង។ ពួកគេបានសួរថាតើរឿងនេះគេចផុតពីការជូនដំណឹងរបស់អាជ្ញាធរមូលដ្ឋានដោយរបៀបណា ដែលមានការរឹតបន្តឹងការធ្វើផែនការគ្រួសារដ៏តឹងរ៉ឹងរបស់ប្រទេសចិនបែបនេះ។
នៅក្នុងវីដេអូ ស្ត្រីនោះហាក់ដូចជាងឿងឆ្ងល់ និងមិនអាចយល់សំណួរពីអ្នកសរសេរ vlogger ដែលសួរនាងម្តងហើយម្តងទៀតថា នាងមានអារម្មណ៍ត្រជាក់ឬទេ។ នាងស្លៀកពាក់តែខោអាវស្តើងៗ បើទោះបីជារដូវរងាត្រជាក់យ៉ាងណាក៏ដោយ។
ចាប់តាំងពីត្រូវបានបង្ហោះកាលពីថ្ងៃសុក្រ វីដេអូនេះបានជំរុញឱ្យមានការពិភាក្សាវែកញែកយ៉ាងក្តៅគគុកអំពីការជួញដូរមនុស្សនៅក្នុងតំបន់ជនបទក្រីក្ររបស់ប្រទេសចិន ទោះបីជាមានព័ត៌មានលម្អិតតិចតួចអំពីករណីពិសេសនេះក៏ដោយ។ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានធ្វើការប្រៀបធៀបទៅនឹងភាពយន្តចិនឆ្នាំ 2007 Blind Mountain ដែលប្រាប់ពីរឿងរ៉ាវរបស់នារីវ័យក្មេងម្នាក់ដែលត្រូវបានចាប់ពង្រត់ និងលក់ទៅជាទាសករ។
អាជ្ញាធរបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រដោយច្រានចោលការសង្ស័យណាមួយអំពីការចាប់ពង្រត់។ ពួកគេបានកំណត់អត្តសញ្ញាណស្ត្រីនោះ តាមនាមត្រកូល Yang មកពី Feng County Huankou Township ។ ពួកគេបាននិយាយថា នាងបានរៀបការជាមួយប្តី ដែលត្រូវបានគេស្គាល់ថាជាលោក Dong ក្នុងឆ្នាំ 1998 ហើយត្រូវបានគេរកឃើញថា មានជំងឺផ្លូវចិត្ត ។ គ្រួសាររបស់គាត់បានប្រាប់អាជ្ញាធរមូលដ្ឋានថាអ្នកស្រី Yang តែងតែមានការផ្ទុះ ហិង្សា។ ប៉ុន្តែការឆ្លើយតបរបស់មន្ត្រីបានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណែតខឹងសម្បាថែមទៀត ដែលរិះគន់អាជ្ញាធរចំពោះការមិនដោះស្រាយបញ្ហានៃការឃុំខ្លួននាង ដោយប្រើប្រាស់ច្រវាក់ និងសុខុមាលភាពទូទៅរបស់នាង។
នោះបានជំរុញឱ្យមានសេចក្តីថ្លែងការណ៍ទីពីរពីអាជ្ញាធរកាលពីថ្ងៃអាទិត្យ ដែលមានព័ត៌មានបន្ថែមអំពីប្រវត្តិគ្រួសារ។ សេចក្តីថ្លែងការណ៍បាននិយាយថា "លោក Dong ត្រូវបានគេសង្ស័យថាបានបំពានច្បាប់។ អាជ្ញាធរសន្តិសុខសាធារណៈបានចាប់ផ្តើមការស៊ើបអង្កេតលើវា" នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ ពួកគេបានបន្ថែម ថាពេលនេះលោកស្រី Yang កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យហើយកូនៗរបស់លោកស្រីត្រូវបានគេយក ទៅថែទាំដោយរដ្ឋ។ មន្ត្រីបាននិយាយថា ថ្មីៗនេះនាងត្រូវបានគេរកឃើញថាមានជំងឺវិកលចរិក។
ទោះជាយ៉ាងណាក៏ដោយ កំហឹងរបស់សាធារណៈជនចំពោះស្ថានការណ៍នេះ មិនបានធូរស្រាលទេ ដោយអ្នកនិយមលេងអ៊ីនធឺណិតទាមទារឱ្យអាជ្ញាធរមូលដ្ឋាន ទទួលខុសត្រូវកាន់តែខ្លាំង។ អ្នកប្រើប្រាស់អ៊ីនធឺណិតម្នាក់សរសេរថា ៖ « នាងជាមនុស្សមិនមែនជាវត្ថុទេបន្ទាប់ពីមានកូន ៨នាក់ ជាង២០ឆ្នាំនាងទើបតែត្រូវបានគេរកឃើញនៅថ្ងៃនេះទេ? ការពិភាក្សាតាមអ៊ីនធឺណិតអំពីករណីនេះត្រូវបានត្រួតពិនិត្យយ៉ាងខ្លាំង ចាប់តាំងពីវាបានផ្ទុះឡើងកាលពីថ្ងៃសុក្រ។ អាជ្ញាធរបានលុបចោលការបង្ហោះជាច្រើន ដែលពិភាក្សាអំពីការជួញដូរមនុស្សនិងបានចាប់ពិរុទ្ធនូវឃ្លាប្រធានបទសំខាន់មួយគឺ "Xuzhou Eight Children"។ ការពិភាក្សាភាគច្រើនគឺរិះគន់ទៅលើការឆ្លើយតបរបស់មន្ត្រីមូលដ្ឋាន៕
អត្ថបទដកស្រង់ពី BBC
បកប្រែនិងកែសម្រួលដោយ Mr. Blue