បុណ្យចូលឆ្នាំប្រជាជនចិន និងវៀតណាម ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ ហើយដើម្បីសុវត្ថិភាព ក៏ដូចជាចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកវីដ-១៩ ក្រសួងទេសចរណ៍បានដាក់ចេញនូវសេចក្តីណែនាំមួយចំនួនដល់មន្ទីរទេសចរណ៍ រាជធានី ខេត្តនានា។
បើតាមក្រសួងទេសចរណ៍ មន្ទីរជំនាញត្រូវជំរុញការអនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្លួន និងម៉ឹងម៉ាត់នូវវិធានការទាំងឡាយ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺក្លូរីដ ១៩ ពិសេសវិធានការ “៣ ការពារ” និង “៣ កុំ” ឲ្យបានខ្ជាប់ខ្ជួន ហើយត្រូវពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្ដង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ដើម្បីរក្សាស្ថិរភាពអាជីវកម្ម និងធានាសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ជាមួយគ្នានេះ ត្រូវបន្តពង្រឹងការគ្រប់គ្រងឲ្យបានល្អប្រសើរនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា ពិសេសត្រូវកំណត់ចំនួនភ្ញៀវ ដែលអាចទទួលភ្ញៀវបានក្នុងពេលតែមួយគឺមិនត្រូវទទួលភ្ញៀវលើសពីចំណុះដាច់ខាត ហើយក្នុងករណីមានការកកកុញលើសពីសមត្ថភាពផ្ទុក មន្ទីរទេសចរណ៍ត្រូវរាយការណ៍មកក្រសួងទេសចរណ៍ និងរដ្ឋបាលរាជធានី ខេត្ត ជាបន្ទាន់ ដើម្បីមានវិធានការផ្អាកសកម្មភាពរមណីយដ្ឋាន និងគោលដៅទេសចរណ៍នោះ ជាបណ្តោះអាសន្នសិន។
មន្ទីរជំនាញត្រូវជំរុញឲ្យម្ចាស់អាជីវកម្ម និងគោលដៅទេសចរណ៍នានា រៀបចំឲ្យមានកម្មវិធីលើកទឹកចិត្តចំពោះភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងផងដែរ ហើយត្រូវសហការជាមួយអាជីវករ និងប្រតិបត្តិករទេសចរណ៍ ក្នុងការពង្រឹងគុណភាពផលិតផលទេសចរណ៍ ថែរក្សាបរិស្ថាន-អនាម័យ និងរក្សាតម្លៃផលិតផល និងសេវាឲ្យបានសមរម្យ។ ចំណែកតម្លៃស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗត្រូវសរសេរឲ្យបានច្បាស់ដាក់ក្នុងតារាង ដើម្បីឲ្យភ្ញៀវបានដឹងជាមុន ជៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ។ ជាមួយគ្នានោះ ក៏ត្រូវរៀបចំឲ្យមានក្រុមការងារចុះផ្សព្វផ្សាយ និងជំរុញការអនុវត្តខ្លឹមសារសារាចរណែនាំ ឲ្យបានទូលំទូលាយ និងគ្រប់រូបភាព ទៅដល់ប្រតិបត្តិករទេសចរណ៍។
គួររំលឹកថា ចាប់តាំងពីរាជរដ្ឋាភិបាលបានបើកប្រទេស បើកទេសចរឡើងវិញ ចំនួនភ្ញៀវទេសចរបានកើនឡើងជាលំដាប់ ទាំងភ្ញៀវទេសចរផ្ទៃក្នុង និងភ្ញៀវទេសចរបរទេស ហើយគ្រាន់តែសម្រាប់ខែមករា ដើមឆ្នាំ២០២២នេះ មានភ្ញៀវទេសចរសរុបប្រមាណជាង៣លាននាក់ បានចេញដើរកម្សាន្ត នៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស ហើយនេះចាត់ទុកថាជាសញ្ញាវិជ្ជមាន នៃការងើបឡើងវិញដ៏ឆាប់រហ័ស នៃវិស័យទេសចរណ៍ផ្ទៃក្នុងសម្រាប់ឆ្នាំ២០២២នេះ។
ដោយឡែកប្រជាពលរដ្ឋដែលជាប់ខ្សែស្រឡាយចិន វៀតណាម ក៏បានត្រៀមសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីរបស់ខ្លួនផងដែរ ហើយពួកគាត់នឹងធ្វើដំណើរកម្សាន្ត នៅតាមតំបន់នានាទូទាំងប្រទេស បើទោះបីជាត្រូវបានឲ្យឈប់សម្រាកផ្លូវការក៏ដោយ៕ (មានជ័យ)