ភ្នំពេញ៖ កម្ពុជានៅតែបន្តទទួលរងឥទ្ធិពលអាក្រក់ពីស្ថានភាពប្រែប្រួលជាអវិជ្ជមានប្រកបដោយហានិភ័យខ្ពស់បណ្ដាលមកពីគ្រឿងញៀន ដោយសារតែការកើនឡើងឥតឈប់ឈរនៃការផលិត ការចរាចរ និងការជួញដូរគ្រឿងញៀន នៅលើពិភពលោក និងក្នុងតំបន់។នេះបើយោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។
ជុំវិញបញ្ហានេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះថា ទោះបីចំនួនករណីគ្រឿងញៀនសមត្ថកិច្ចបង្ក្រាបបានមានការថយចុះ ប៉ុន្តែករណីបង្ក្រាបបទល្មើសគ្រឿងញៀនធំៗបានកើនឡើង ដោយមានគ្រឿងញៀនសរុបប្រមាណ៨០តោន រួមទាំងម៉ាស៊ីនផលិតកែច្នៃស្វ័យប្រវត្តិឈុតធំៗដ៏គ្រោះថ្នាក់ជាច្រើនទៀត នៅរាជធានីភ្នំពេញ និងបណ្ដាខេត្តមានភូមិសាស្រ្តជាប់រាជធានី ជាប់ព្រំដែនឡាវ ថៃ និងវៀតណាម នៅតាមប្រៃសណីយ៍ និងនៅលើផ្ទៃសមុទ្រ។
សម្តេចក្រឡាហោម បានលើកឡើងថា ក្នុងរយៈពេលពេញមួយឆ្នាំ២០២១ សមត្ថកិច្ច បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនបានសរុបចំនួន៦៣០៨ករណី ស្មើនឹង៦០,៣០ភាគរយគិតលើឆ្នាំ២០២០ ពោលគឺបានថយចុះ៤.១៥៣ករណី ស្មើនឹង៣៩,៧០ភាគរយធៀបនឹងឆ្នាំ២០២០កន្លងទៅនោះ។
ផ្អែកតាមលទ្ធផល នៃកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានចាប់យកគ្រឿងញៀនសរុបជាង៤តោន ក្នុងនោះរួមមាន មេតំហ្វេតាមីនក្រាមម្សៅ (ICE) ជាង៩៤៧គីឡូក្រាម, មេតំហ្វេតាមីនគ្រាប់(WY)ជាង៦គីឡូក្រាម, អិចស្តាស៊ីជាង ៥៥៦គីឡូក្រាម, កេតាមីន ជាង២៧៨២គីឡូក្រាម, ហេរ៉ូអ៊ីនជាង២៧៥គីឡូក្រាម, កាទីណូនជាង១០៦គីឡូក្រាម, នីមេតាសេប៉ាមជាង១១គីឡូក្រាម និងកាកូអីនជាង១គីឡូក្រាម និងបង្ក្រាបបានកញ្ឆាស្រស់មួយចំនួនទៀត ខណៈសារធាតុគីមីផ្សុំបង្ក្រាបបានជាង៨៤តោន កើនជាង១ពាន់ភាគរយឯណោះ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអំពាវនាវដល់កងកម្លាំងអនុវត្តច្បាប់ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តន៍តាមទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយការណ៍ គឺ៖
- កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។
- កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។
- កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។
- មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តល់ព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច។
យោងតាមរបាយការណ៍ពីគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា នៅក្នុង២០២១ដែរ សមត្ថកិច្ចប្រមូលបាន និងបញ្ជូនទៅសាលាដំបូងរាជធានី ខេត្ត រួចរាល់នូវវត្ថុតាងចាប់យកមួយចំនួន ដូចជា រថយន្ត១៣៨គ្រឿង, ម៉ូតូ១.៩៨៨គ្រឿង, ទូរសព្ទ៦.៥៥៤គ្រឿង, ជញ្ជីង៣៨៥គ្រឿង, អាវុធវែង ៥០ដើម, អាវុធខ្លី២៩ដើម, ប្រាក់រៀលជាង៧៨លានរៀល, ប្រាក់អាមេរិកជាង៣ម៉ឺនដុល្លារ, ប្រាក់ថៃជាង ១សែនបាត និងប្រាក់វៀតណាម ជាង៨ម៉ឺនដុង ព្រមទាំងបានឃាត់ទុកទ្រព្យសម្បត្តិជាអចលនទ្រព្យ ចំនួន២០កន្លែង៕
អត្ថបទ៖លាង ឡា