ប្រភពស្និទ្ធនឹងលោក សុខ សុដារ៉ា បានឲ្យដឹងថា ឈ្មួញធំៗជាច្រើននាក់នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ពីច្រកព្រំដែនខ្មែរ-សៀម ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ចូលខេត្តសៀមរាប ឬឆ្លងកាត់ខេត្តសៀមរាប ទៅដល់គោលដៅក្នុងរាជធានីភ្នំពេញ យ៉ាងរលូន។ លោក សុខ សុដារ៉ា និងលោក ម៉ៅ សាមឿន មិនចាត់វិធានការបង្ក្រាបឈ្មួញទាំងនោះឡើយ ហើយមានតែជួយសម្រួលឲ្យឈ្មួញទាំងនោះដឹកជញ្ជូនទំនិញទៅដល់គោលដៅដើម្បីជាថ្នូរនឹងផលប្រយោជន៍។ បញ្ហានេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គួរពិនិត្យឡើងវិញខ្លះផង ព្រោះរឿងអាស្រូវពុករលួយរបស់លោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប និងលោក ម៉ៅ សាមឿន មេគយចល័តខេត្តសៀមរាប ជារឿងមិនអាចបិទបាំងបានទេ។
បើតាមការបង្ហើបពីមន្ត្រីសុំមិនបញ្ចេញឈ្មោះក្នុងខេត្តសៀមរាប បានឲ្យដឹងថា រហូតមកដល់ពេលនេះលោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប និងលោក ម៉ៅ សាមឿន មេគយចល័តខេត្តសៀមរាប នៅតែសហការគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងរលូន។ បើទោះបីជារឿងអាស្រូវពុករលួយរបស់លោក សុខ សុដារ៉ា និងលោក ម៉ៅ សាមឿន ត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏លោក គុណ ញឹម អគ្គនាយកគយ មិនចាត់វិធានការទប់ស្កាត់នៅឡើយ។ ផ្ទុយទៅវិញលោក សុខ សុដារ៉ា អាចកាន់តំណែងជាប្រធានសាខាគយខេត្តសៀមរាប ឡើងដុះស្លែ ហើយសហការជាមួយលោក ម៉ៅ សាមឿន មេគយចល័តខេត្តសៀមរាប ប្រមូលលុយតាមរបៀបពុករលួយយ៉ាងត្រជាក់ចិត្ត។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តសៀមរាប បានឲ្យដឹងថា ក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ចូលខេត្តសៀមរាប ឬឆ្លងកាត់ខេត្តសៀមរាប ចូលទៅរាជធានីភ្នំពេញ សុទ្ធតែសុំការយោគយល់ពីលោក សុខ សុដារ៉ា និងលោក ម៉ៅ សាមឿន ដើម្បីឲ្យអាជីវកម្មរបស់ពួកគេដំណើរការដោយរលូន។ គ្មានឈ្មួញអាចរំលងលោក សុខ សុដារ៉ា ប្រធានសាខាគយខេត្ត សៀមរាប និងលោក ម៉ៅ សាមឿន មេគយចល័តខេត្តសៀមរាប បានទេ ប្រសិនបើចង់គេចផុតពីការបង្ក្រាប ចៀសផុតពីការគាបសង្កត់។ ការដែលលោក សុខ សុដារ៉ា អាចប្រើតួនាទី និងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹង គឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕