សៀមរាប៖ កម្លាំងនគរបាលខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីមនុស្សឃាតកម្មគិតទុកជាមុន នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។
សមត្ថកិច្ច បានឱ្យដឹងថាជនសង្ស័យឈ្មោះ ញ៉ូវ ទីន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ ស្រុកកំណើតភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្ន ភូមិក្រាំង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ ជនសង្ស័យបានប្រព្រឹត្តបទល្មើសកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង២១និង២០នាទី នៅក្នុងកម្មវិធីបង្កក់កូន របស់ឈ្មោះស៊ាន ខន ភេទប្រុស នៅភូមិក្រាំង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។
សមត្ថកិច្ច បានបន្តថា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៧និង០០ល្ងាច នៅផ្ទះឈ្មោះ ស៊ាន ខន ភេទប្រុស នៅភូមិកើតហេតុខាងលើមានកម្មវិធីជប់លៀងបង្កក់កូន មានភ្ញៀវចូលរួមច្រើនផឹកស៊ី រហូតដល់ម៉ោង៩និង២០នាទីយប់ ជនសង្ស័យខាងលើស្រវឹងស្រាបានយកកាំបិតខ្វែវ ទៅកាប់ជនរងគ្រោះឈ្មោះ សយ បូរំ ភេទប្រុស អាយុ៤៧ឆ្នាំ ស្រុកកំណើត និងទីលំនៅសព្វថ្ងៃ ភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ដែលកំពុងផឹកស៊ីក្នុងកម្មវិធីបង្កក់កូនដែរនោះ ត្រូវត្រង់ដើមទ្រូងឆ្វេង១ខ្វែវ និងត្រង់ស្មាខាងស្តាំ១ខ្វែវ បណ្តាលឲ្យរងបួសធ្ងន់ ពេលនោះត្រូវបានបងប្អូនដឹកតាមរថយន្តមកពេទ្យ ដល់ពាក់កណ្តាលផ្លូវ ជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់តែម្តង។
តាមការសាកសួររបស់សមត្ថកិច្ចជនសង្ស័យ បានសារភាពថាខ្លួនពិតជាបានកាប់ឈ្មោះ សយ បូរំ និងខ្វែវពិតមែនមូលហេតុ មានកំហឹងនិងជនរងគ្រោះ ដែលបានវាយប្អូនខ្លួនកាលពីឆ្នាំទៅ។ ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនៅកន្លែងកើតហេតុ រួមជាមួយវត្ថុតាង កាំបិតខ្វែវ ០១និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តនីតិវិធីបន្ត៕