ត្បូងឃ្មុំ៖ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមការងារ និងបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ នាទីស្នាក់ការគណបក្សស្រុកត្បូងឃ្មុំ សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអំពាវនាវដល់បេក្ខភាពឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ រក្សាឱ្យបាន នូវស្មារតី សាមគ្គីឯកភាពគ្នាខ្ពស់ ក្នុងដំណើរឆ្ពោះទៅយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោត ដើម្បីធានាថា គណបក្សត្រូវតែឈ្នះសម្រាប់ការដឹកនាំឃុំ-សង្កាត់ អាណត្តិទី៥។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងបន្តថា ដើម្បីរក្សាឱ្យបាននូវប្រៀបឈ្នះគឺក្រុមការងារទំាងអស់ ត្រូវបន្តខិតខំចិញ្ចឹមចលនានយោបាយនៅមូលដ្ឋាន តាមរយៈការកសាងសមិទ្ធផលនានា ត្រូវចូលរួមដោះស្រាយបញ្ហាប្រឈមតាមសំណើ និងសំណូមពរនានារបស់ប្រជាជន និងបន្តចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីជីវភាពរស់នៅ និងសុខទុក្ខរបស់ប្រជាជន សំដៅដាក់ចេញគោលការណ៍វិធានការដោះស្រាយបានជាក់ស្តែង និងសមស្រប។
សម្តេច ហេង សំរិន ក៏បានស្នើដល់ក្រុមការងារគណបក្ស នៅខេត្តត្បូងឃ្មុំទាំងអស់ ឱ្យខិតខំបំផុសចលនាពង្រឹងសមាជិកបក្ស និងអ្នកគាំទ្រគណបក្សរៀបចំពិធីបញ្ចូលសមាជិកថ្មីៗរបស់គណបក្សឱ្យបានសកម្មផុលផុសគ្រប់មូលដ្ឋាន និងត្រួតពិនិត្យ និងពង្រឹងការគ្រប់គ្រងសមាជិកបក្សតាមក្រុមបក្សនីមួយៗឱ្យបានច្បាស់លាស់ផងដែរ។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ៕
អត្ថបទ៖លាង ឡា