ពោធិ៍សាត់៖ ដោយអនុវត្តជាប្រចាំតាមបទបញ្ជា និងមតិចង្អុលការរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ដើម្បីធានាបាននូវ សន្តិសុខ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅទូទាំងខេត្ត កម្លាំងផែនការងារប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរលាប ដឹកនាំដោយលោកវរសេនីយ៍ទោ ហែម មុនី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង៣ និង១៧នាទីរសៀល បានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរក្សាទុកជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។
សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងជំនាញបាននាំឈ្មោះ ថោង សុផាត ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិស្វាយអាត់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ដែលកម្លាំងអធិការដ្ឋានស្រុកបាកាន បានឃាត់ខ្លួនកាលពី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២កន្លងទៅ មកសួរនាំដើម្បីស្រាវជ្រាវរកមុខសញ្ញាបន្ត ហើយបានឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ដួង ម៉ារ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ នៅចំណុចព្រៃរបោះខាងជើងផ្ទះជនសង្ស័យ។
លោកវរសេនីយទោ សុខ មេសា អធិការរងនគរបាលក្រុងពោធិ៍សាត់ បានឲ្យដឹងថា ក្នុងករណីបង្ក្រាបនៅចំណុចទីតាំងខាងលើនេះ កម្លាំងសមត្ថកិច្ចបានដកហូត បានវត្ថុតាងរួមមាន ៖ ម្សៅក្រាម ពណ៌សថ្លា ចំនួន ០២កញ្ចប់ ទម្ងន់ ១៣.៦៩g, ថ្នាំគ្រាប់ w.y ចំនួន ១២គ្រាប់ ទម្ងន់ ១.១៧g, ជញ្ជីងសម្រាប់ថ្លឹងថ្នាំ ចំនួន ០១, ទូរស័ព្ទ ចុចពិល ០២គ្រឿង, កូនថង់សំរាប់រំលែកថ្នាំមួយចំនួន, និង ម៉ូតូចំនួន ០១គ្រឿង។
លោកអធិការរង បានបន្តថា ក្រោយពីកម្លាំងជំនាញបានបង្ក្រាបមុខសញ្ញានៅហ្នឹងកន្លែងរួចមក ក៏បានសុំគោលការណ៍ទៅ ឯកឧត្តម កូយ កាន់យ៉ា ព្រះរាអាជ្ញា អមសាលាដំបូងខេត្តពោធិ៍សាត់ បន្តទៅឆែកឆេរលំនៅដ្ឋានរបស់ជនសង្ស័យខាងលើនេះដោយបានដកហូតបានវត្ថុតាងបន្ថែមទៀតរួមមាន ៖ ម្សៅក្រាមពណ៌ សថ្លា ចំនួន ០១កញ្ចប់ ទម្ងន់ ៤.១៤g, បំពង់សម្រាប់ចូកថ្នាំចំនួនមួយកំណាត់, និង កូនថង់សំរាប់រំលែកថ្នាំមួយចំនួន។
បច្ចុប្បន្នជនសង្ស័យខាងលើរួមទាំងវត្ថុតាងត្រូវបានកម្លាំងនគរបាលជំនាញបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕