ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) តាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន បានបង្ហាញពីការសេចក្តីសម្រេចអនុម័តលើគម្រោងវិនិយោគសាងសង់ និងអាជីវកម្មមន្ទីរពេទ្យពហុព្យាបាលចំនួន ២០០គ្រែ របស់ក្រុមហ៊ុន PHNOM PENH GENERAL HOSPITAL CO., LTD ជាមួយតម្លៃទុនវិនិយោគប្រមាណ ១៥លានដុល្លារ មានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ ៤៦-៤៨-៥០ ផ្លូវលេខ ១២៥សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងអាចបង្កើតការងារបានចំនួន ៤៥៨កន្លែង។
បច្ចុប្បន្នប្រទេសកម្ពុជា មានមន្ទីរពេទ្យឯកជនជាច្រើន ដែលកំពុងរីកដុះដាល់ស្ទើរនៅគ្រប់បណ្តាខេត្តក្រុង ប៉ុន្តែសម្រាប់មន្ទីរពេទ្យឯកជនខ្នាតធំដែលមានបំពាក់ឧបករណ៍ និងសម្ភារបច្ចេកទេសទំនើបៗ នៅមានចំនួនតិចតួចនៅឡើយ។
កន្លងមកមានប្រជាពលរដ្ឋខ្មែរជាច្រើន បានចេញទៅរកសេវាថែទាំសុខភាព និងព្យាបាលជំងឺនៅក្រៅប្រទេស ជាពិសេសប្រទេសជិតខាងដូចជា វៀតណាម និងថៃ ជាដើម។ ដូច្នេះការវិនិយោគទៅលើគម្រោងបង្កើតមន្ទីរពេទ្យ គឺជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាល ដែលកំពុងតែប្រឹងប្រែងពង្រឹងគុណភាពវិស័យសុខាភិបាល និងការធ្វើទំនើបកម្មមន្ទីរពេទ្យរដ្ឋ និងឯកជន ដើម្បីឆ្លើយតបនឹងតម្រូវការស្វែងសេវាកម្មថែទាំសុខភាព និងព្យាបាលជំងឺរបស់ប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព និងអាចជឿទុកចិត្តបាន។
ក្នុង១ឆ្នាំៗប្រទេសកម្ពុជាទាំងមូលចំណាយលើការនាំចូលឱសថ និងបរិក្ខាពេទ្យក្នុងទឹកប្រាក់ជាង ២០០លានដុល្លារ។ ក្នុងនោះកម្ពុជាខ្លួនឯងផលិតឱសថបានប្រមាណត្រឹមតែរង្វង់ ១៥%នៃតំរូវការប្រើប្រាស់ក្នុងប្រទេសប៉ុណ្ណោះ ខណៈផលិតផលឱសថ ៨៥%ទៀតត្រូវពឹងផ្អែកទៅលើការនាំចូលពីក្រៅប្រទេស។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលកម្ពុជាមុនពេលវិបត្តិជំងឺកូវីដ១៩៕
អត្ថបទ៖ ថូ សិរីវឌ្ឍន៍