ភ្នំពេញ៖ ពណ៌ហ៊ុងស៊ុយ ត្រូវបានគ្រូចិនសែ លើកយកមកពិពណ៌នា ជាបន្តបន្ទាប់ ខណៈពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ជិតមកដល់ ហើយអ្នកជាប់ខ្សែស្រឡាយចិន ក៏កំពុងត្រៀមអនុវត្ត ដើម្បីយកលាភសំណាង។
លោក អ៊ឹម បុរិន្រ្ទ អ្នកហោរាសាស្រ្តខ្មែរ មានប្រសាសន៍ឱ្យដឹងថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះលោកសង្កេតឃើញហោរាគ្រូទាយ ចិនសែ រីកព្រោងព្រាតពេញហ្វេសប៊ុក។លោកចាត់ទុកថា វាជាការល្អម្យ៉ាងដែរ ដែលមានហោរាជាច្រើន ព្រោះងាយស្រួលក្នុងការឱ្យគ្រូហោរជួយតម្រង់ទិសការងារ អាជីវកម្មខ្លះៗ។
លោកបានលើកឡើងថា នៅប៉ុន្មានថ្ងៃចុងក្រោយនេះ មានចិនសែ ខ្លះនិយាយថា ថ្ងៃសែនមិនត្រូវពាក់អាវពណ៌នេះ ពណ៌នោះ ហើយហាមពណ៌ក្រហម ពណ៌មាស ពណ៌លឿង និងឱ្យពាក់ពណ៌ខ្មៅ ពណ៍ខៀវ ជាដើម។
លោក អ៊ឹម បុរិន្រ្ទ អ្នកហោរាសាស្រ្តខ្មែរ ដ៏ល្បីល្បាញមួយរូប គិតថា គ្រូច្រើនពេក ខ្មែរខ្សែស្រឡាយចិន ប្រហែលកំពុងវង្វេង ហើយមិនដឹងថា ធ្វើអ្វីឱ្យត្រូវនោះឡើយ ប៉ុន្តែលោកបានណែនាំដល់អ្នកជាប់ស្រឡាយចិន គួរមើលទំនៀមទម្លាប់វិញ ខណៈប្រពៃណីជនជាតិចិន គឺពណ៌ក្រហម ជាពណ៌តំណាងឱ្យជ័យជំនះ ខណៈពិធីបុណ្យប្រពៃណី មិនមែនបុណ្យហោរានោះទេ៕
អត្ថបទ៖លាង ឡា