ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករ បានទឹកប្រាក់សរុបចំនួន ២.៧៨១លានដុល្លារ លើសផែនការកំណត់រហូតជាង ២៤% ស្មើនឹង ៥៣៨លានដុល្លារ។ ទោះជាយ៉ាងណាតួលេខនេះនៃការប្រមូលចំណូលនេះ បានធ្លាក់ចុះជាង ៣ភាគរយ បើធៀបនឹងឆ្នាំ ២០២០។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារកម្ពុជា។
ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រមូលចំណូលពន្ធប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២១ និងលើកទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីម្សិលមិញលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដាក់ចេញនូវអនុសាសន៍ណែនាំសំខាន់ៗចំនួន សម្រាប់អគ្គនាយកដ្ឋានពន្ធដារ បន្តអនុវត្តឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ សម្រាប់ការអនុវត្តប្រមូលចំណូលពន្ធ នៅក្នុងឆ្នាំ ២០២២នេះ។
លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីទាំងអស់នៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងការចូលរួមចំណែកបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត ជាពិសេសក្នុងដំណាក់កាលដ៏លំបាកនៃបរិការណ៍ជំងឺកូវីដ-១៩នេះ ដែលឆ្លុះបញ្ចាំងតាមរយៈលទ្ធផល នៃការកៀរគរចំណូល។ បើទោះជាមានការស្រកស្រុតបន្តិចបន្តួចក្នុងពេលជួបប្រឈមនឹងវិបត្តិអគ្គនាយកដ្ឋានពន្ធដារតែងតែអនុវត្តបានល្អជាងការវាយតម្លៃប៉ាន់ស្មាន ជាក់ស្តែងចំណូលពន្ធ-អាករ សរុបក្នុងរយៈពលេ ១២ខែ ឆ្នាំ២០២១ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ឃើញថា ថយចុះប្រមាណ ៣,៧១%ប៉ុណ្ណោះ៕