ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តលើគម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់យានយន្តគ្រប់ប្រភេទរបស់ក្រុមហ៊ុន General Intelligence (Cambodia) Co., Ltd ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគប្រមាណ ២៩៧លានដុល្លារ និងបង្កើតការងារបានចំនួនប្រមាណ ១.៦០០កន្លែង។
គម្រោងវិនិយោគថ្មីនេះ នឹងក្លាយជាក្រុមហ៊ុនទីពីរ ដែលបានវិនិយោគបង្កើតរោងចក្រផលិតសំបកកង់យានយន្តគ្រប់ប្រភេទនៅប្រទេសកម្ពុជា ខណៈបច្ចុប្បន្នកម្ពុជា មានក្រុមហ៊ុន Cart Tire Co., Ltd ដែលមានទីតាំងវិនិយោគនៅតំបន់សេដ្ឋកិច្ចខេត្តស្វាយរៀង បាន និងកំពុងដំណើរការផលិតសំបកកង់រថយន្តបណ្តើរៗហើយ និងបាននាំចេញទៅកាន់ទីផ្សារប្រទេសជិតខាង ចំណែកទីផ្សារធំសម្រាប់ការនាំចេញរបស់ក្រុមហ៊ុននេះ គឺសហរដ្ឋអាមេរិក និងសហគមន៍អ៊ីរ៉ុប។
គម្រោងវិនិយោគនេះ ត្រូវគេរំពឹងថា នឹងជួយជំរុញដល់ការដាំដុះដំណាំកៅស៊ូក្នុងស្រុក និងលើកកម្ពស់ស្ថិរភាពតម្លៃជ័រកៅស៊ូ ដែលធ្លាប់តែពឹងផ្អែកលើការនាំចេញជ័រកៅស៊ូស្ទើរទាំង ស្រុងទៅទីផ្សារក្រៅប្រទេស ជាពិសេសប្រទេសវៀតណាម។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បរិមាណនៃការនាំចេញជ័រកៅស៊ូរបស់កម្ពុជាគិតត្រឹមឆ្នាំ២០២១ មានចំនួនជាង ៣៦ម៉ឺនតោន កើនឡើងចំនួន ៨% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូចំនួន ៦១០លានដុល្លារ។ ជ័រកៅស៊ូកម្ពុជា បាននាំចេញភាគច្រើនទៅកាន់ប្រទេសចិន វៀតណាម សង្ហិបុរី និងម៉ាឡេស៊ី។
គិតត្រឹមឆ្នាំ២០២១ ផ្ទៃដីកៅស៊ូសរុបមានចំនួនជាង ៤០ម៉ឺនហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួនជាង ៣១ម៉ឺនហិកតា ស្មើនឹង ៧៧% និងផ្ទៃដីថែទាំមានចំនួនជាង ៩ម៉ឺនហិកតា ស្មើនឹង២៣%៕