ប៉ូលីសកាណាដា បានរកឃើញសាកសពមនុស្សបួននាក់ ក្នុងចំណោមនោះមានទារកម្នាក់នៅវាលព្រិលក្បែរព្រំដែនអាមេរិក។ ក្រុមមន្ត្រីប៉ូលីសបាននិយាយថា មនុស្សមួយក្រុមនេះបានស្លាប់ដោយសារតែអាកាសធាតុភាពត្រជាក់ខ្លាំង ដែលបានធ្លាក់ចុះដល់ -35C រួមជាមួយនឹងខ្យល់ត្រជាក់ដល់ឆ្អឹងខ្នង។ សាកសពបុរសម្នាក់ ស្ត្រីម្នាក់ ក្មេងប្រុសជំទង់ម្នាក់ និងទារកម្នាក់ ត្រូវបានគេប្រទះឃើញនៅជិត Emerson រដ្ឋ Manitoba កាលពីថ្ងៃពុធ។
មន្ត្រីអាមេរិកនិយាយថា អ្នកស្លាប់ត្រូវបានគេជឿថាជាគ្រួសារមកពីប្រទេសឥណ្ឌា។ ពួកគេត្រូវបានគេគិតថា នឹងកំពុងព្យាយាមឆ្លងចូលសហរដ្ឋអាមេរិក។ Manitoba Royal Canadian Mounted Police (RCMP) ជាជំនួយការស្នងការ Jane MacLatchy បានចែករំលែកការរកឃើញជាមួយអ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍។ នាងបាននិយាយថា៖ «អ្វីដែលខ្ញុំចង់ចែករំលែកនឹងពិបាកសម្រាប់មនុស្សជាច្រើនក្នុងការស្តាប់» ដោយហៅវាថាជា “សោកនាដកម្មដ៏សោកសៅបំផុត”។
ប្រហែលម៉ោង 09:30 ម៉ោងក្នុងស្រុក (15:30 GMT) នៅថ្ងៃពុធ ប៉ូលីសកាណាដាត្រូវបានជូនដំណឹងថា ក្រុមគយ និងល្បាតព្រំដែនអាមេរិក បានចាប់ខ្លួនមនុស្សមួយក្រុមដែលបានឆ្លងកាត់ពីតំបន់នោះ ដែលជាកន្លែងឆ្លងព្រំដែនខុសច្បាប់។
មន្ត្រីអាមេរិកម្នាក់បានប្រាប់ក្រុមកាណាដាថា បុរសម្នាក់ត្រូវបានរកឃើញជាមួយរបស់របរសម្រាប់ទារក ប៉ុន្តែមិនមានទារកត្រូវបានរកឃើញជាមួយគាត់នោះទេ។ ការស្វែងរកមួយត្រូវបានធ្វើឡើងនៅសងខាងនៃព្រំដែនសហរដ្ឋអាមេរិក-កាណាដា ហើយក្រុមនេះត្រូវបានគេរកឃើញនៅម៉ោងប្រហែល 13:30 ប្រហែលពី 9 ទៅ 12 ម៉ែត្រពីព្រំដែនសហរដ្ឋអាមេរិក។ ក្រុមដែលប្រើប្រាស់រថយន្តជិះលើទឹកកក និងយានជំនិះផ្សេងទៀត បានបន្តស្វែងរកនៅក្នុងព្រិលជ្រៅរហូតដល់ល្ងាចថ្ងៃពុធ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅពេលក្រោយកាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីសហព័ន្ធអាមេរិកនៅទីក្រុង Minnesota បានប្រកាសពីការចោទប្រកាន់ពីបទរត់ពន្ធមនុស្សប្រឆាំងនឹងអ្នករស់នៅរដ្ឋផ្លរីដាអាយុ 47 ឆ្នាំ Steve Shand ។
លោក Shand ត្រូវបានគេប្រទះឃើញបើករថយន្តដឹកមនុស្ស ១៥ នាក់នៅតំបន់ជនបទ តាមបណ្តោយព្រំដែនជាមួយនឹងអាហារ និងទឹកនៅក្នុងស្បែកជើងរបស់គាត់។ មន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា អ្នកដំណើរពីរនាក់ជាមួយគាត់ត្រូវបានគេរកឃើញថា ជាជនចំណាកស្រុកគ្មានឯកសារពីប្រទេសឥណ្ឌា។
ខណៈដែលពួកគេកំពុងត្រូវបានដឹកជញ្ជូនទៅកាន់ស្ថានីយល្បាតព្រំដែន ភ្នាក់ងារសហរដ្ឋអាមេរិកបានជួបជាមួយពលរដ្ឋឥណ្ឌាចំនួន 5 នាក់ ដែលបាននិយាយថា ពួកគេបានដើរអស់រយៈពេល 11 ម៉ោង ហើយរំពឹងថានឹងមាននរណាម្នាក់មកយកពួកគេ។
ម្នាក់ក្នុងចំណោមពួកគេបានកាន់កាបូបស្ពាយដែលមានសម្លៀកបំពាក់កុមារ របស់ក្មេងលេង និងថ្នាំពេទ្យ។ គាត់បាននិយាយថា គាត់បានដឹកយួរវាសម្រាប់គ្រួសារដែលមានគ្នាបួននាក់ ប៉ុន្តែពួកគេ "បានបែកគ្នានៅពេលយប់"។
សេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិកបាននិយាយថា ដោយផ្អែកលើការពិពណ៌នា សាកសពដែលបានរកឃើញនៅក្នុងប្រទេសកាណាដាត្រូវបានកំណត់អត្តសញ្ញាណបណ្តោះអាសន្នថាជាគ្រួសារមកពីប្រទេសឥណ្ឌា។ ជនចំណាកស្រុកឥណ្ឌាពីរនាក់ផ្សេងទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
ប្រទេសកាណាដាបានហាមឃាត់ការឆ្លងកាត់បែបនេះនៅតាំងពីដំបូងនៃជំងឺរាតត្បាត ដោយក្រុមមន្ត្រីប៉ូលីសបានឲ្យអ្នកស្វែងរកសិទ្ធិជ្រកកោនត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។ ការហាមប្រាមត្រូវបានដកចេញនៅក្នុងខែវិច្ឆិកា។ មន្ត្រីក្នុងតំបន់នៅ Emerson និយាយថា ខ្លួនកម្រឃើញមនុស្សឆ្លងពីប្រទេសកាណាដាឆ្ពោះទៅភាគខាងត្បូងចូលសហរដ្ឋអាមេរិក៕
អត្ថបទដកស្រង់ពី BBC
បកប្រែនិងកែសម្រួលដោយ Mr. Blue