បាត់ដំបង៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ២០:០០ នាទី នៅចំណុចផ្លូវជាតិលេខ៥ ក្រុមទី១៨ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល កម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មគោល បានធ្វើការបង្ក្រាបករណីធ្វើឲ្យខូចខាត ដោយចេតនា (ប្រើដុំថ្មគប់កញ្ចក់រថយន្តអ្នកដំណើរពេលយប់) មួយកើតឡើង។
លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានរាយការណ៍អោយដឹងថា ករណីគប់កញ្ចក់រថយន្តនេះ បង្កឡើងដោយបុរសឈ្មោះ គឿយ វ៉ាន់នឿន (ហៅ តក់) អាយុ២៨ឆ្នាំ រស់នៅភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល បានប្រើប្រាស់ដុំថ្មគ្រវែងទៅលើរថយន្ត ម៉ាកវីហ្គូ ពណ៍ស ស៊េរីឆ្នាំ២០១៦ ពាក់ផ្លាកលេខបន្ទាយមានជ័យ 2B-2424 បណ្ដាលឲ្យស្រាំកញ្ចក់មុខ និងរបកថ្នាំទ្វារខាងមុខខាងឆ្វេង (ជនសង្ស័យជាជនមានសតិមិនគ្រប់)។
ករណីនេះជនប្រព្រឹត្តិបទល្មើសខាងលើត្រូវបានកម្លាំងនគរបាលស្រុក កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕