បាត់ដំបង៖ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោក ឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកបង្ក្រាបករណីរក្សាទុក ចែកចាយ ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង។
ប្រតិបត្តិការខាងលើ សមត្ថកិច្ចធ្វើថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៦និង០០នាទី នៅចំណុចក្រុម០៤ ភូមិថ្មី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យឈ្មោះ នាង ឃីន ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិកំរៀង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។
វត្ថុតាងចាប់យកបានរួមមាន៖ - ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន០២ថង់ - ទូរសព្ទ័ដៃចំនួន០១ចាស់ - ម៉ូតូ០១គ្រឿង ម៉ាកហុងដា C125 ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ស្លាកលេខកណ្តាល 1P-1938 ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបាននគរបាលស្រុក បានរៀបចំសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕