បន្ទាយមានជ័យ៖ បុរសម្នាក់ប្រើប្រាស់គ្រឿងញៀន និងផឹកស្រាស្រវឹង បានប្រើហិង្សា យកខ្សែក្រវាត់វាយកូនអាយុ ០៥ឆ្នាំ របួសពេញខ្លួន ត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារ ព្រំដែនគោកលេខ៨០៧ ចាប់ខ្លួនប្រគល់ឲ្យនគរបាលស្រុកថ្មពួក។
ហេតុការណ៍នៃអំពើហិង្សាដោយចេតនានេះ បានកើតឡើងនៅវេលាម៉ោង២១និង០០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ នគរបាលស្រុកថ្មពួកបានឲ្យដឹងថា ជនបង្កជាឪពុកបង្កើតឈ្មោះ ថា សុភ័ក្រ អាយុ៣១ឆ្នាំ និងកូនប្រុសជាជនរងគ្រោះ ឈ្មោះ សុខ ភក្តី អាយុ០៥ឆ្នាំ ទាំង០២នាក់ ឲ្យកូនរស់នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
នគរបាលបានបញ្ជាក់ថា ជនបង្កជាមនុស្សញៀនស្រា និងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ហើយត្រូវបានប្រពន្ធលែងលះរយៈពេល ០៥ឆ្នាំមកហើយ ដោយទុកកូនខាងប្តីជាអ្នកមើលថែ។ នៅមុនពេលកើតហេតុជនបង្កជាឪពុក បានផឹកស្រាស្រវឹង ហើយបានយកខ្សែក្រវាត់វាយទៅលើកូនរបស់ខ្លួន មានអាយុ០៥ឆ្នាំ បណ្តាលឲ្យមានស្លាកស្នាមជាំពេញខ្លួន។
ដោយឃើញពីទង្វើដ៏អាក្រក់នេះ ក៏ត្រូវបានអ្នកជិតខាង ជួយឃាត់ និងមានការជួយអន្តរាគមន៍ពីកម្លាំងនគរបាលការពារព្រំដែនគោក វរសេនាតូចលេខ៨០៧ បានឃាត់ខ្លួនជនបង្កយកមកប្រគល់ឲ្យអធិការដ្ឋាននគរបាល ស្រុកថ្មពួក ដើម្បីធ្វើការសាកសួរ និងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូង ចាត់ការតាមនីតិវិធីហើយដែរ៕