កណ្ដាល៖ ជនជាប់ចោទម្នាក់ ត្រូវបាននគរបាលស្រុកកណ្ដាលស្ទឹងចាប់ខ្លួន ដោយអនុវត្តតាមដីការបស់សាលាដំបូងខេត្តកណ្ដាល។ ករណីចាប់ខ្លួននេះធ្វើឡើងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០៩និង០០នាទី ចំណុចភូមិបារគូ ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹង បានឲ្យដឹងថាជនជាប់ចោទចាប់ខ្លួនបានឈ្មោះ ហ៊ល ប៊ុនរ័ត្ន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិអង្គខ្លើរ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ជននេះមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១៦២៩/១០ដកបចខ ចុះថ្ងៃទី១៤ ខែឆ្នូ ឆ្នាំ២០១០ ចុះហត្ថលេខាដោយលោក វេង ហ៊ត់ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល ចោទប្រកាន់ពីបទប្លន់ ដែលប្រព្រឹត្តនៅភូមិអង្គខ្លើរ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១០។
បច្ចុប្បន្នជននេះ ត្រូវបានកម្លាំងនគរបាលជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ ៕