ភ្នំពេញ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីរក្សាទុកគ្រឿងញៀន នៅរាជធានីភ្នំពេញ ដោយចាប់ខ្លួនជនសង្ស័យម្នាក់ និងរឹបអូសគ្រឿងញៀន បានជាង២៥គីឡូ ព្រមទាំងអាវុធវែងចំនួន២ដើម។
សមត្ថកិច្ចជំនាញបានឱ្យដឹងថា ប្រតិបត្តិការដែលទើបបង្ហាញលទ្ឋផលនេះ បានធ្វើឡើងកាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ នៅចំណុចបន្ទប់ជួលលេខ៩ ផ្លូវលំ ភូមិសន្សំកុសល សង្កាត់បឹងទំពុន១ ខ័ណ្ឌមានជ័យ។
នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ាត ម៉ាទី ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ និងចាប់យកវត្ថុតាង រួមមាន៖
-មេតំហ្វេតាមីន(ICE)ទម្ងន់ ២០ គីឡូក្រាម និង៩៩០.៧៣ក្រាម
-អ៊ិចស្តាស៊ី(MDMA) ២ គីឡូក្រាម និង៨០០ក្រាម
-កេតាមីន(Ketamine) ១ គីឡូក្រាម និង៤០២ ក្រាម
សរុបទម្ងន់ ២៥ គីឡូក្រាម និង ១៩២.៧៣ក្រាម ។
-អាវុធវែង ២ដើម និងគ្រាប់ចំនួន ៩៦គ្រាប់ ។
ជនសង្ស័យ និងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមចាត់ការបន្តនីតិវិធី៕
អត្ថបទ៖លាង ឡា