ព្រះសីហនុ៖ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បាន ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ២០និង១០នាទីយប់ នៅចំណុចម្តុំរោងចក្រស្រាបៀរអង្គរ ស្ថិតក្នុងភូមិ៣ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឱ្យដឹងថាបន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍តាមរយៈទូរស័ព្ទហត់ឡាញថា មានជនសង្ស័យម្នាក់ ជិះម៉ូតូ០១គ្រឿង ម៉ាក M-SLAZ ពណ៌ខ្មៅ បានធ្វើសកម្មភាពឆក់កាបូបនារីជនជាតិខ្មែរម្នាក់ ដែលកំពុងជិះម៉ូតូ០១គ្រឿង ម៉ាក SCOOPY ពណ៌ផ្កាឈូក រួចជិះរត់គេចខ្លួនបាត់ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញ ស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យម្នាក់។
សម្ភារៈបាត់បង់រួមមាន៖ កាបូបស្ពាយ០១ ក្នុងនោះមាន (កាបូបដៃ១, ទូរស័ព្ទដៃ១គ្រឿង ម៉ាក IPHONE 6PLUS ពណ៌ទឹកប្រាក់, កាតចាក់វ៉ាក់សាំង ១សន្លឹក, ឯកសារ មួយចំនួន)។
បច្ចុប្បន្នករណីខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងសាកសួរយកចម្លើយ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ៕