ភ្នំពេញ៖ មន្រ្តីជំនាញបានរកឃើញបង្គាស្រស់ផ្ទុកសារធាតុគីមី ទម្ងន់ជាង១តោនបន្ថែមទៀត ដែលឈ្មួញនាំចូលមកខេត្តកំពត និងត្រៀមចែកចាយបន្ត តែត្រូវបានបង្រ្កាបទាន់ពេល។
អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ មន្រ្តីស៊ើបអង្គេតសាខាអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តកំពត បានបន្តការងារត្រួតពិនិត្យគ្រឿងសមុទ្រនាំចូលតាមទិសដៅក្នុងខេត្តកំពត ដើម្បីទប់ស្កាត់ទំនិញដែលមិនមានអនុលោមភាពដែលប៉ះពាល់សុខភាពប្រជាពលរដ្ឋ ជាពិសេសក្នុងឱកាសបុណ្យប្រពៃណីជាតិចិន ។
ជាលទ្ធផល មន្រ្តីជំនាញបានស្ទាក់ និងឃាត់រថយន្តកូរ៉េមួយគ្រឿង ដោយរកឃើញ បង្គាចំនួន ១តោន និង៤៨៤គីឡូក្រាម មានសារធាតុ CMC (ចាហ៊ួយ) គីមីហាមឃាត់ និងបានដកហូតយកទៅកម្ទេចចោលភ្លាមៗ ព្រមទាំងពិន័យម្ចាស់ទំនិញផងដែរ។
សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ មន្ត្រីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានស្ទាក់ចាប់រថយន្តដឹកគ្រឿងសមុទ្រចំនួន៥គ្រឿង និងបានរកឃើញបង្គា សរុបចំនួន ៦,២៦៨គីឡូក្រាម មានចាក់បញ្ចូលគីមីទៅក្នុងក្បាលបង្គា ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងបានចាត់វិធានការភ្លាមៗ តាមរយៈការដុតកម្ទេចចោលផងដែរ៕
អត្ថបទ៖លាង ឡា