ប៉ៃលិន៖ អំពូលភ្លើងតាមដងផ្លូវជាច្រើនដើម ក្នុងខេត្តប៉ៃលិន ត្រូវបានរងការបំផ្លាញពីជនមិនស្គាល់មុខ បន្ទាប់ពីបានដាក់បំភ្លឺ ដើម្បីបម្រើដល់សាធារណជនងាយស្រួលធ្វើដំណើរ។
លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានឱ្យដឹងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះថាអំពូលភ្លើង សូឡាលម្អ ដងផ្លូវ ចំនួន១៩ដើម ត្រូវបានជនមិនស្គាល់មុខបាញ់បំផ្លាញចោល ខណៈអាជ្ញាធរបានខិតខំដើរកែលម្អ ឱ្យមានពន្លឺ ងាយស្រួលការធ្វើដំណើរពេលយប់ សម្រាប់បំរើផលប្រយោជន៍រួមទាំងអស់គ្នា។
ជាមួយគ្នានេះ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា បើមិនបានចូលរួមជួយ សូមកុំបំផ្លាញ ការខិតខំប្រឹងប្រែងរបស់ អាជ្ញាធរដែនដី។
លោកស្រី បាន ស្រីមុំ បានបញ្ជាដល់មន្រ្តីមានសមត្ថកិច្ច ត្រូវស្វែងរកអ្នកប្រព្រឹត្តដើម្បីយកទៅអនុវត្តទោសតាមច្បាប់។
គួរកត់សម្គាល់ថា អាជ្ញាធរខេត្តប៉ៃលិន បានចាប់ផ្តើមដាក់បង្គោលភ្លើងបំភ្លឺផ្លូវ ប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ នៅតាមដងផ្លូវក្នុងខេត្ត ពិសេសទីកន្លែងងងឹត ដែលតែងតែកើតមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ ជាពិសេសនៅចំណុចផ្លូវបំបែក ផ្លូវកោង និងផ្លូវកន្លែងស្ងាត់ជាដើម៕