ថ្លែងក្នុងឳកាសចូលជួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២នេះ លោក ប៊ូយ ថាញ់សឺន (Bui Thanh Son) រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានថ្លែងអំណគុណប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យមានការហោះហើរត្រង់ឡើងវិញ រវាងកម្ពុជា និងវៀតណាម និងទទួលស្គាល់ការធ្វើដំណើរឆ្លងដែន ដោយភ្ជាប់បណ្ណចាក់វ៉ាក់សាំង។
ចំណែកសម្តេចតេជោ ក៏បានបង្ហាញភាពរីករាយ ដែលបានឃើញការហោះហើរត្រង់រវាងកម្ពុជា និងវៀតណាម ដើម្បីសម្រួលការធ្វើដំណើររវាងប្រជាជនប្រទេសទាំងពីរ។ នេះបើតាមការបញ្ជាក់ពីលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយជំនួប។
បើតាមលោក កៅ គឹមហួន នៅក្នុងជំនួបនោះ លោក Bui Thanh Son បានបង្ហាញការកោតសរសើរ និងស្ញប់ស្ញែងយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ សម្រាប់ការរីកចម្រើនរបស់កម្ពុជាប្រកបដោយភាពឆាប់រហ័ស។ សម្រាប់លោក ប៊ូយ ថាញ់សឺន ភាពរីកចម្រើនរបស់កម្ពុជា គឺបានកើតចេញពីការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់សម្តេចតេជោ។
សូមបញ្ជាក់ថា កម្ពុជា និងវៀតណាម បានភ្ជាប់ទំនាក់ទំនងកាទូតនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ តែទំនាក់ទំនងនេះ ត្រូវបាត់កាត់ផ្តាច់ទៅវិញនៅខែមីនា ឆ្នាំ១៩៧០។ ខែមករា ឆ្នាំ១៩៧៩ ក្រោយពេលប្រទេសកម្ពុជា រំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ក៏បានតភ្ជាប់ឡើងវិញ។ នៅខែមីនា ឆ្នាំ២០០៥ ទំនាក់ទំនងប្រទេសទាំងពីរ ត្រូវបានដំឡើងកម្រិតទៅជា “ទំនាក់ទំនងមិត្តភាពជិតខាងល្អជាប្រពៃណី និងប្រកបដោយសហប្រតិបត្តិការរឹងមាំ យូរអង្វែង និងគ្រប់វិស័យ”។ កម្ពុជា និងវៀតណាម មានព្រំដែនគោកសរុបប្រវែង១,២៧០គីឡូម៉ែត្រ បោះបង្គោលព្រំដែនបាន ៨៤ភាគរយ ស្មើនឹងព្រំដែនប្រវែង ១,០៤៥គីឡូម៉ែត្រ។
តាមរយៈទំនាក់ទំនងល្អប្រសើរនឹងគ្នានេះ មេដឹកនាំកម្ពុជា និងមេដឹកនាំរបស់វៀតណាម តែងបានផ្លាស់ប្តូរដំណើររវាងគ្នាជាញឹកញាប់។ ឈរលើកិច្ចសហប្រតិបត្តិការល្អនេះ កម្ពុជា និងវៀតណាម តែងបានជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកលើការលំបាកនានា។ ជាពិសេសនៅក្នុងពេលរាតត្បាតជំងឺកូវីដ១៩ ប្រទេសទាំងពីរបានគាំទ្រគ្នាទៅវិញទៅមកលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។
ការធ្វើពាណិជ្ជកម្ម និងវិនិយោគ ក៏ជាកិច្ចការអាទិភាពមួយដែលរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម យកចិត្តទុកដាក់ខ្ពស់ ហើយតែងបានប្តេជ្ញាចិត្តក្នុងការជំរុញការធ្វើពាណិជ្ជកម្ម និងបង្កើតការវិនិយោគរវាងប្រទេសទាំងពីរ។ ក្នុងនោះនៅឆ្នាំ២០២០ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង ៥ប៊ីលានដុល្លារ ហើយរយៈពេល៨ខែឆ្នាំ២០២១ សម្រេចបានជិត ៧ប៊ីលានដុល្លារ។
ដោយឡែកការវិនិយោគវិញ គិតចាប់ពីឆ្នាំ១៩៩៤ ដល់ខែកញ្ញា ឆ្នាំ២០២១ ការវិនិយោគរបស់វៀតណាមនៅកម្ពុជា មានចំនួន៨៨គម្រោង ក្នុងទំហំដើមទុនប្រមាណ២.៥៦ប៊ីលានដុល្លារ។ សម្រាប់រយៈពេល១០ខែឆ្នាំ២០២១ ការវិនិយោគរបស់វៀតណាមនៅកម្ពុជា មានទឹកប្រាក់ប្រមាណ៨៩.៤ លានដុល្លារអាមេរិក៕ (មានជ័យ)