នៅឯវេទិកាទេសចរណ៏អាស៊ាន ដែលរៀបឡើងដោយកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំទេសចរណ៍អាស៊ាន រួមនឹងអគ្គលេខាធិការអាស៊ាន នាល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ បានរួមគ្នាប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញ ចេញពីខេត្តព្រះសីហនុ នេះបើតាមការឲ្យដឹងពីក្រសួងទេសចរណ៍នៅថ្ងៃទី២០ ខែមករា នេះ។
បើតាមក្រសួងទេសចរណ៍ ការប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញនេះ មានក្នុងចក្ខុវិស័យលើការស្តារសេដ្ឋកិច្ច-សង្គមអាស៊ានឡើងវិញ ដោយឈរលើគោលការណ៍ចំនួន៥ រួមមាន៖
ទី១, ចាប់ផ្តើមបើកទេសចរណ៍ផ្ទៃក្នុងអាស៊ាន ធ្វើឲ្យចេញជារូបរាងនូវច្រកធ្វើដំណើរអាស៊ាន និងបង្កើតនូវកាតវ៉ាក់សាំងឌីជីថល។
ទី២, កំណត់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាគន្លឹះក្នុងការសម្រេចបាននូវភាពស៉ាំងសហគមន៍ឆ្ពោះទៅការដំណើរការចង្វាក់ឧស្សាហកម្មទេសចរណ៍ឡើងវិញ។
ទី៣, ជំរុញលើកទឹកចិត្តការរស់នៅក្នុងគន្លងប្រក្រតីភាពថ្មីស្របតាមវិធានសុខាភិបាល និងស្តង់ដាប្រតិបត្តិនៃប្រទេសសមាជិកនីមួយៗ។
ទី៤, ធានាឲ្យបានថាសេវាកម្ម និងធុរកិច្ចទេសចរណ៍ដំណើរការដោយអនុលោមតាមគោលការណ៍អាស៊ានស្តីពីអនាម័យ និងសុវត្ថិភាពសម្រាប់អ្នកជំនាញទេសចរណ៍ និងសហគមន៍។
ទី៥, ជំរុញភាពជឿជាក់ និងទំនុកចិត្តតាមរយៈការលើកទឹកចិត្តដល់ប្រតិបត្តិករ និងអ្នកផ្តល់សេវាកម្មទេសចរណ៍ទាំងអស់ ក្នុងតំបន់អាស៊ាន។
នាឱកាសនោះ លោករដ្ឋមន្រ្តី ថោង ខុន ក៏បានប្រកាសដាក់ឱ្យប្រើប្រាស់ឡូហ្គោទេសចរណ៌អាស៊ានថ្មី (New ASEAN Tourism Logo) និងតែមការធ្វើដំណើរប្រកបដោយសុវត្ថិភាពអាស៊ាន (ASEAN Safe Travel Stamp “Safe and Warm”) ដែលជាផ្នែកមួយ នៃផែនការស្តារវិស័យទេសចរណ៍ឡើងវិញ។
មានប្រសាសន៏នៅក្នុងពិធីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ឆ្នាំ២០២២ ដែលរៀបចំធ្វើឡើងនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១៨ ខែមករា សម្តេចតេជោ ហ៊ុន សែន បានគាំទ្រគំនិតផ្ដួចផ្ដើមបើកទេសចរណ៍ផ្ទៃក្នុងអាស៊ាន ក៏ដូចជាបើកតំបន់ទាំងមូល ដើម្បីទទួលស្វាគមន៍ទេសចរអន្តរជាតិឡើងវិញ សម្តេចក៏បានគាំទ្រឲ្យរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ពិភាក្សា និងឯកភាពគ្នាប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញចេញពីទីក្រុងព្រះសីហនុ ប្រទេសកម្ពុជា៕ (មានជ័យ)