Jerusalem post-
កងកម្លាំងចិនបានបើកតាម និងព្រមាននាវាចម្បាំងអាមេរិក ដែលបានចូលទៅក្នុងដែនទឹកនៅជិតកោះប៉រ៉ាសែលក្នុងសមុទ្ទចិនខាងត្បូង យោធារបស់ប្រទេសចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងភាពតានតឹងដែលកើនឡើងជាចុងក្រោយ ក្នុងដែនទឹកដែលមានជម្លោះ។ ទីបញ្ជាការប៉ែកខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន បាននិយាយថា នាវា USS Benfold បានធ្វើនាវាចរណ៍ខុសច្បាប់ដោយគ្មានការអនុញ្ញាតិ រំលោភអធិបតេយ្យភាពជាតិ និងថាកងអាកាស និងនាវីចិនបានតាមពីក្រោយនាវាអាមេរិក។
"យើងសូមទាមទារជាឱឡារឹក ឲ្យភាគីអាមេរិកបញ្ឈប់ជាបន្ទាន់នូវទង្វើបង្កហេតុដូចនេះ បើពុំនោះទេនឹងទទួលនូវផលវិបាកយ៉ាងធ្ងន់ធ្ងរចំពោះព្រឹត្តិការណ៍ដែលពុំអាចមើលឃើញ" ចិនបានបន្ថែម កងនាវីអាមេរិកបាននិយាយថាខ្លួនកំពុងរៀបចំសេចក្តីថ្លែងការណ៍។ សហរដ្ឋអាមេរិកជាញឹកញយបានអនុវត្តិន៍នូវអ្វីដែលខ្លួនហៅថា បេសកកម្មសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងដែនសមុទ្ទចិនខាងត្បូងដើម្បីប្រជែងជាមួយអំណះអំណាងបូរណៈភាពរបស់ចិន។
ក្នុងសេចក្តីថ្លែងការណ៍មួយ កងនាវាចរណ៍ទី៧របស់សហរដ្ឋអាមេរិកបាននិយាយគាំទ្រថា នាវា Benfold មានសិទ្ធនិងសេរីភាពក្នុងការធ្វើនាវាចរណ៍នៅទល់មុខកោះប៉ារ៉ាសែល ដែលអនុលោមទៅតាមច្បាប់អន្តរជាតិ និងបានច្រានចោលការអះអាងរបស់ចិនថាជា ការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើបូរណភាពដែនដីរបស់ខ្លួនថាជារឿង "ខុស" និងបកស្រាយមិនត្រឹមត្រូវ និងបានបន្ថែមទៀតថានាវាទាំងអស់ មានសិទ្ធឆ្លងកាត់ដោយគ្មានកំហុសនៅក្រោមច្បាប់អន្តរជាតិ ដូចបានចែងនៅក្នុងច្បាប់សមុទ្ទនិងមិនបានតម្រូវឲ្យមានការសុំច្បាប់អនុញ្ញាតិនោះទេ។
សេចក្តីថ្លែងការណ៍នោះបានបន្ថែមទៀតថា "សហរដ្ឋអាមេរិកនឹងនៅតែបន្តហោះហើរធ្វើនាវាចរណ៍និងប្រតិបត្តិការណ៍នៅកន្លែងណាក៏ដោយ ដែលច្បាប់អន្តរជាតិបានអនុញ្ញាតិ ដូចនាវា Benfold បានធ្វើ"។ កោះប៉ារ៉ាសែល ដែលចិនហៅថា Xisha ស្ថិតនៅក្នុងចំណោមកោះរាប់រយ, ថ្មប៉ប្រះទឹក, ទីមានទឹកនៅកណ្តាលហើយមានថ្មព័ទ្ធជុំវិញ នៅក្នុងសមុទ្ទចិនខាងត្បូងដែលសម្បូរណ៍ទៅដោយធនធានធម្មជាតិ ដែលប្រជែងដណ្តើមគ្នាដោយ ចិន, វៀតណាម, តៃវ៉ាន់, ហ្វីលីពីន, ម៉ាលេស៊ី, ប្រ៊ុយណេ, ដែលចិនបានអះអាងអំពីសិទ្ធជាប្រវត្តិសាស្ត្ររបស់ខ្លួនចំពោះអ្វីគ្រប់យ៉ាង ក្នុងគំនូសដាច់ៗទាំង៩ ដែលគ្របដណ្តប់ច្រើនជាងគេនៅក្នុងតំបន់៕