DW-
មេដឹកនាំតាលីបង់ និងជានាយករដ្ឋមន្ត្រីស្តីទីអាហ្វហ្គានីស្ថាន Mohammad Hassan Akhund បានអំពាវនាវឲ្យសហគមន៍អន្តរជាតិទទួលស្គាល់រដ្ឋាភិបាលតាលីបង់ ក្នុងពេលធ្វើសន្និសិទកាសែតនៅទីក្រុងកាប៊ុលកាលពីថ្ងៃព្រហស្បតិ៍។ ការផ្សាយនេះគឺជាលើកទី១ក្នុងការបង្ហាញខ្លួនដ៏ធំ ចាប់តាំងពីបានបន្តតួនាទីកាលពីខែកញ្ញា និងបានលេចចេញមកជារដ្ឋបាលអភិរក្សនិយមដែលប្រកាន់តឹង កំពុងប្រឈមមុខជាមួយនឹងសេដ្ឋកិច្ចដ៏រអាក់រអួល និងការបន្តនូវអំពើហឹង្សាជាមួយនឹងក្រុមជីវពល។
"ខ្ញុំសូមអំពាវនាវឲ្យរដ្ឋាភិបាលទាំងអស់ ជាពិសេសប្រទេសអុីស្លាម ដែលពួកគេគួរតែចាប់ផ្តើមទទួលស្គាល់" Akhund ដែលជាស្ថាបនិកម្នាក់នៃពួកតាលីបង់ បាននិយាយនៅក្នុងសន្និសិទកាសែត។ មិនទាន់មានរដ្ឋាភិបាលបរទេសណាដែលទទួលស្គាល់ពួកតាលីបង់ថាជា រដ្ឋាភិបាលស្របច្បាប់នៅឡើយទេ ទោះបីជាប្រទេសខ្លះបានបោះជំហ៊ានដើម្បីឲ្យមានទំនាក់ទំនងធម្មតាឡើងវិញ។
តាលីបង់បានស្តីបន្ទោសវិបត្តិសេដ្ឋកិច្ចបច្ចុប្បន្នលើការបង្កកទ្រព្យសម្បត្តិដែលមានតម្លៃរាប់ពាន់លានដុល្លារ ដោយក្រុមបស្ចឹមប្រទេសដែលដឹកនាំដោយសហរដ្ឋអាមេរិក។ ជំនួយក្នុងការអភិវឌ្ឍន៍ ដែលបានរៀបចំឡើងដោយឈរនៅលើមូលដ្ឋានសេដ្ឋកិច្ចនៃប្រទេសអាស៊ីកណ្តាលក៏ត្រូវបានកាត់ផ្តាច់។ ជំនួយអន្តរជាតិនៅតែបន្តចូលមកក្នុងប្រទេស ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងវិបត្តិមនុស្សធម៌ដែលកំពុងបន្តកើតមាន ប៉ុន្តែរដ្ឋាភិបាលមានការប្រុងប្រយ័ត្នក្នុងការទ្រទ្រង់របបតាលីបង់ដោយធ្វើការចែកចាយទៅផ្នែកដែលសំខាន់តែប៉ុណ្ណោះ។
ប្រទេសលោកខាងលិចកំពុងរង់ចាំមើល ថាតើពួកតាលីបង់នឹងគោរពនូវពាក្យសន្យាដែលថានឺងមិនធ្វើដដែលដូចមុននូវភាពរញ៉េរញ៉ៃហួសហេតុ ដែលខ្លួនបានធ្វើ កាលពីការចូលកាន់អំណាចលើកមុនក្នុងចន្លោះឆ្នាំ១៩៨៦ដល់ឆ្នាំ២០០១។ សិទ្ធមនុស្សនិងសិទ្ធរបស់ស្ត្រី ជាទូទៅគឺជារបៀបវារៈដ៏ធំបំផុតក្នុងការទទួលស្គាល់រដ្ឋាភិបាលតាលីបង់៕