បុរសម្នាក់ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត បន្ទាប់ពីក្មេងម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងធុងក្នុងប្រទេសអូស្ត្រាលី។ សារព័ត៌មានក្នុងស្រុករាយការណ៍ថា ជនរងគ្រោះត្រូវបានគេជឿថាជាក្មេងស្រីអាយុប្រាំបួនឆ្នាំ ដែលបានបាត់ខ្លួនពីតំបន់ Blue Mountains ក្បែរទីក្រុងស៊ីដនី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
សាកសពកុមារត្រូវបានរកឃើញដោយក្រុមមន្ត្រីកាលពីថ្ងៃអង្គារ អំឡុងពេលរុករកព្រៃក្នុងតំបន់ជិតខាង។ ប៉ូលីសបាននិយាយថា បុរសអាយុ 31 ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងផ្ទះល្វែងមួយក្នុងទីក្រុងស៊ីដនី ហើយត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត។ គាត់ត្រូវបានឃុំខ្លួនក្នុងមន្ទីរឃុំឃាំង ដើម្បីប្រឈមមុខនឹងតុលាការនៅថ្ងៃពុធនេះ។
សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ក្មេងស្រីដែលមិនអាចកំណត់អត្តសញ្ញាណបានដោយហេតុផលផ្លូវច្បាប់ បានទៅវិស្សមកាលជាមួយម្តាយរបស់នាង នៅពេលដែលនាងបានបាត់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ នាងត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួននៅព្រឹកបន្ទាប់ ដែលជំរុញឱ្យមានការស្វែងរកដ៏ធំដោយអាជ្ញាធរនៅក្នុងតំបន់។
ប៉ូលីសរដ្ឋ New South Wales បាននិយាយថា សាកសពរបស់កុមារត្រូវបានគេរកឃើញនៅតំបន់ទន្លេ Colo River "ដោយមានជំនួយពីប៉ូលីសមុជទឹក" និងអង្គភាពជំនាញផ្សេងទៀត។ ប៉ូលីសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា "សាកសពមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណជាផ្លូវការទេ" ។ "កន្លែងកើតហេតុមួយត្រូវបានបង្កើតឡើង ហើយកំពុងត្រូវបានមន្ត្រីជំនាញធ្វើកោសល្យវិច្ច័យ"។
Sydney Morning Herald បានរាយការណ៍ថា ការកំណត់អត្តសញ្ញាណកុមាររងគ្រោះពីឧក្រិដ្ឋកម្ម ត្រូវបានហាមឃាត់នៅក្រោមច្បាប់របស់រដ្ឋដោយគ្មានការអនុញ្ញាតពីសាច់ញាតិរបស់ពួកគេ។ ប៉ូលីសបានបន្តថា ការស៊ើបអង្កេតនៅតែកំពុងបន្ត៕
អត្ថបទដកស្រង់ពី BBC
បកប្រែនិងកែសម្រួលដោយ Mr. Blue