ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច បញ្ចប់ការអនុវត្តវិធានការរាជរដ្ឋាភិបាល ក្នុងការ ផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៤០ដុល្លារអាមេរិក ក្នុង១ខែ សម្រាប់កម្មករ និយោជិត ដែលព្យួរកិច្ចសន្យាការងារក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើ ដំណើរ និងកាបូប គិតចាប់ពីខែមករា ឆ្នាំ២០២២ តទៅ ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនថា ការបញ្ចប់នេះ គឺដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស ត្រូវបានគ្រប់គ្រងប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ដែលធ្វើឱ្យរោងចក្រ សហគ្រាស ភាគច្រើនបានចាប់ផ្ដើមមានដំណើរការជាប្រក្រតីឡើងវិញ ។ យ៉ាងណាក៏ដោយ ក្រសួងបានបញ្ជាក់ថា សម្រាប់កម្មករនិយោជិត ដែលព្យួរកិច្ចសន្យា ការងារក្នុងវិស័យទេសចរណ៍ នៅទទួលបានប្រាក់ឧបត្ថម្ភដដែល រហូតដល់វិស័យនេះមានសភាពធូរស្បើយ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងដែរថា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ត្រូវអនុវត្តការព្យួរកិច្ចសន្យាការងារ ស្របតាម ខ្លឹមសារមាត្រា៧១ និង ៧២ នៃច្បាប់ស្តីពីការងារ ឬតាមការព្រមព្រៀងគ្នារវាងនិយោជក និងកម្មករនិយោជិត។
រាជរដ្ឋាភិបាល បានបើកប្រាក់ឧបត្ថម្ភលើកចុងក្រោយជូនដល់កម្មករ និយោជិត លើកទី ៧៦ កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២១ សរុបចំនួន ៣៤០៩ នាក់ នៅរោងចក្រ សហគ្រាស ចំនួន ៤៦ ក្នុងនោះវិស័យកាត់ដេរ មាន៣ និងវិស័យទេសចរណ៍មាន ៤៣ផងដែរ៕